នយោបាយ

លោក មុត ចន្ថា ៖ លោក អេង ឆៃអ៊ាង មេក្លោងធំ នៅពីក្រោយគណបក្ស បេះដូងជាតិ និង គណបក្សភ្លើងទៀន

ភ្នំពេញ ៖ ជាថ្មីម្តងទៀតហើយ ដែលលោក មុត ចន្ថា ដែលគ្រប់គ្នាបានដឹងថា ជាមនុស្សម្នាក់មានភក្តីភាព ស្មោះស្ម័គ្រជាមួយ លោក កឹម សុខា បានចេញមកទំលាយគ្មាន ខ្ទេចចំពោះការបង្កើតគណបក្សបេះដូងជាតិ ដែលមានលោក អេង ឆៃអ៊ាង មនុស្សជំនិត លោក សម រង្ស៊ីនៅពីក្រោយ ខណៈគណបក្សភ្លើងទៀន ដែលបច្ចុប្បន្នមានលោក ទាវ វណ្ណុល ជាប្រធាននោះ ក៏លោក អេងឆៃអ៊ាង នៅពីក្រោយដែរ ។

បើតាមលោក មុត ចន្ថា គណបក្សទាំង២នេះ គឺលោក អេង ឆៃអ៊ាងបានយកថវិកា ពីមូលនិធិទូរទស្សន៍ ព្រះអាទិត្យជិត ១លានដុល្លារ លុយគម្រោងធ្វើដំណើរ មាតុភូមិនិវត្តរបស់លោក សម រង្ស៊ីកាលពីថ្ងៃ៩ វិច្ឆិកា ជាង៣០ម៉ឺនដុល្លារ និងលុយមូលនិធិ លក់ប័ណ្ណនាឡិកាសម រង្ស៊ីជាង២០ម៉ឺនដុល្លារនោះ គឺសរុបទាំងអស់ ប្រមាណជា១លាន៥០ម៉ឺនដុល្លារយកមកទ្រទ្រង់បក្សទាំង២ឲ្យដំណើរការ ។

ជាបន្ត សូមអាននូវអត្ថបទទាំងស្រុង របស់លោក មុត ចន្ថា ដែលបានសរសេររៀបរាប់ពីដំណើរដើមទង នាំឲ្យបង្កើតគណបក្សបេះដូងជាតិ នាពេលថ្មីៗនេះ និងគណបក្សភ្លើងទៀន ដែលពីអតីតកាលជាគណបក្ស សមរង្ស៊ីនោះ ប្រកាសធ្វើសមាជ នាពេលខាងមុខដូចតទៅ ៖
មេគំនិតដែលបានផ្តួចផ្តើមឲ្យបង្កើត «គណបក្សបេះដូងជាតិ» ឬ “Cambodia National Heart Party” ត្រូវបានគេដឹងយ៉ាងទូលំទូលាយ នៅសហរដ្ឋអាមេរិក និងប្រទេសបារាំង គឺលោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្ស សង្រ្គោះជាតិ ដែលបានសុំសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិក ។ បច្ចុប្បន្ន លោក អេង ឆៃអ៊ាង កំពុងដេកស៊ីលុយរដ្ឋាភិបាលអាមេរិក ដែលជាប្រាក់បង់ពន្ធ របស់ប្រជាជន អាមេរិក ខណៈគាត់កំពុងត្រៀមរៀបចំឯកសារ ធានាយកក្រុមគ្រួសារទាំងមូល ទៅរស់នៅលើទឹកដីអាមេរិក។

មិនមែនតែលោក អេង ឆៃអ៊ាង ម្នាក់ទេដែលនៅពីក្រោយ គណបក្សថ្មីនេះ លោកស្រី មូរ សុខហួរ ក៏បានប្រកាសគាំទ្រ ការបង្កើតឡើងនូវគណបក្សនេះ នៅក្នុងការប្រជុំជាមួយអ្នកគាំទ្រ នៅអាមេរិក។ ចំណែកអ្នកនយោបាយរត់ភៀសខ្លួន កំពុងជ្រកកោននៅអាមេរិក និងតាមបណ្តាប្រទេសផ្សេងទៀត ក៏កំពុងធ្វើសកម្មភាពគាំទ្រ និងឡង់សេបក្សថ្មីនេះ ផងដែរ ។

សេនារីយោដែលលោក អេង ឆៃអ៊ាង បានគិតគូរៀបចំឡើង រួមមាន ៖

សេនារីយោទី១ ៖ បញ្ចេញឲ្យលោក ថាច់ សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្រ្តយ៍ នៃគណបក្សសង្រ្គោះជាតិ ដាក់ពាក្យសុំសិទ្ធិនយោបាយ ដើម្បីត្រៀមមកដឹកនាំបក្សថ្មីនេះ គឺ «គណបក្សបេះដូងជាតិ» ព្រោះគាត់ក៏ជាប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ ។ រហូតមកដល់ពេលនេះលោក ថាច់ សេដ្ឋា រក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែក៏មិនបានបដិសេធពីការ មិនជាប់ពាក់ពន្ធជាមួយគណបក្សនេះដែរ។

សេនារីយោទី២ ៖ ក្រៅពីលោក ថាច់ សេដ្ឋា, លោក អេង ឆៃអ៊ាង ក៏បានផ្ចុងផ្តើម ឲ្យមនុស្សម្នាក់ដែលមិនធ្លាប់ប្រឡូក ក្នុងកិច្ចការនយោបាយដោយផ្ទាល់ ឲ្យចូលរួមដឹកនាំបក្សថ្មីនេះ ។ តាមការណ៍ឲ្យដឹង មនុស្សវ័យកណ្តាលម្នាក់នេះ គឺជាអតីតមន្រ្តីនៃអង្គការ អន្តរជាតិ មួយ ដែលត្រូវបានបណ្តេញ ចេញពីប្រទេសកម្ពុជា នៅមុនពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ និងជាសមាជិកក្រុមការងារស្រមោល (ឈ្មោះក្លែងក្លាយ) ប្រចាំខេត្តបាត់ដំបង ដែលត្រូវបានលោក អេង ឆៃអ៊ាង ចាត់ទុកជាឈាមថ្មីនិងជាបញ្ញាវន្ត ដែលអាចប្រម៉ែប្រមូលយុវជនឱ្យចូលរួម និងទាញបានសមានចិត្ត ពីមជ្ឈដ្ឋានសង្គមស៊ីវិល ។

សេនារីយោទី៣ ៖ គណបក្សថ្មីនេះ នឹងផ្តោតលើការរៀបចំរចនាសម្ព័ន្ធ និងកសាងកម្លាំងថ្មីរបស់ខ្លួន ដោយមិនធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានគាំទ្រ របស់អតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀនឡើយ ប៉ុន្តែមុខព្រួញរបស់គណបក្សនេះ គឺកៀរគរកម្លាំងគាំទ្រពីគណបក្សផ្សេងៗ ដូចជា គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៉ិច យុវជន ជាដើម។ នេះជាសេនារីយោបន្លំបំភ័ន្តភ្នែក ដើម្បីធ្វើឲ្យគេយល់ច្រឡំថា បក្សបេះដូងជាតិ មិនជាប់ពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀនដែលជាដៃគូក្នុងអតីតគណបក្សសង្រ្គោះជាតិ សំដៅបញ្ចៀសនូវការចោទប្រកាន់ពីអំពើក្បត់ភាពជាដៃគូ និងការថ្កោលទោសពីអ្នកគាំទ្ររបស់អតីតគណបក្សសង្រ្គោះជាតិ។

សេនារីយោទី៤៖ លោក អេង ឆៃអ៊ាង បញ្ឆេះឲ្យគណបក្សភ្លើងទៀន ដែលដឹកនាំដោយអតីត សមាជិកព្រឹទ្ធសភាចំនួន ១០រូប ចាប់ផ្តើមរៀបចំ កែប្រែរចនាសម្ព័ន្ធដឹកនាំ និងចុះធ្វើសកម្មភាពពង្រឹង រចនាសម្ព័ន្ធនិង កម្លាំងនៅមូលដ្ឋាន តាមរយៈការចុះចែកអំណោយ ដោយលោក ទាវ វណ្ណុល ប្រធានគណបក្សនេះ។ ការចុះចែកអំណោយជាស្បៀង ឧបភោគគាប់ជួននឹងយុទ្ធនាការលក់ប័ណ្ណ នាឡិកា របស់លោកសម រង្ស៉ី ដែលប្រមូល បានប្រាក់ជាង ២០ដុល្លារម៉ឺន ដែលគេដាក់ការសង្ស័យ យ៉ាងខ្លាំងថា គឺជាលុយបានមកពីយុទ្ធនាការ លក់ប័ណ្ណនាឡិកាដៃម៉ាកកាស្យូ របស់លោក សម រង្ស៉ី ព្រោះរហូតមកទល់ពេលនេះគេ មិនឃើញសកម្មភាពផ្តល់ជំនួយ ដល់ជនរងគ្រោះដោយជំងឺកូវីដ-១៩ ដូចគាត់បានអះអាងឡើយ។ ម្យ៉ាងទៀតដោយសារបញ្ហាផ្លូវច្បាប់ គ្មានបុគ្គលណាម្នាក់ហ៊ានចេញមុខ ទទួលលុយពីលោក សម រង្ស៉ី ដើម្បីចែកអំណោយឡើយ ដូច្នេះគេអាចធ្វើ តាមរបៀបបន្លំភ្នែកថា ជាជំនួយរបស់សប្បុរសជន នៅក្រៅប្រទេសជំនួសវិញ ។ ចំណុចនេះហើយ ដែលលោក ទាវ វណ្ណុល បានអះអាងនៅពេល ចែកអំណោយជាស្បៀង ឧបភោគ ។ លោក ជា គឹមលី ប្រធានគណបក្សសង្រ្គោះជាតិ ប្រចាំអាមេរិកខាងជើង និងអាមេរិកកាំង (CNRP NORTH AMERICA-AMERICA) ត្រូវបានគេដឹងថា នឹងមកចូលរួមដឹកនាំបក្សភ្លើងទៀន ។
សេនារីយោទី៥ ៖ អ្នកកនយោបាយជាប់បម្រាម នៃកូតាអតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្ស ភ្លើងទៀត ត្រូវបានប្រាប់ឲ្យនៅស្ងៀម រង់ចាំរហូតបញ្ចប់បម្រាមហាម ធ្វើនយោបាយ នៅក្រោយពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានេះ លោក អេង ឆៃអ៊ាង បានអនុវត្តយុទ្ធសាស្រ្ត វៃស្មៅបង្អើលពស់ ដោយជំរុញឲ្យអ្នកនយោបាយជាប់បម្រាម កម្រិតធម្យម សាកល្បងដាក់ពាក្យសុំសិទ្ធិនយោបាយ មានជាអាទិ៍ លោក ជូ ជូងី, លោក ញឹម គឹមញុល និងលោក ស៊ុន ចន្ធី ដើម្បីចង់ដឹង ប្រតិកម្មតប ។ ជាលទ្ធផល បុគ្គលទាំងបីនាក់នេះ ត្រូវបានបដិសេធ ចំពោះសំណើសុំសិទ្ធិ នយោបាយ ដោយហេតុផលរំលោភសាលដីការ បស់តុលាការកំពូល ស្តីពីការរំលាយគណបក្ស សង្រ្គោះជាតិ ខែវិច្ឆិកា ឆ្នាំ២០១៧។

សេនារីយោទី៦ ៖ បន្ទាប់ពីគណបក្សបេះដូងជាតិ បានប្រមូលផ្តុំកម្លាំងគាំទ្រពីមជ្ឈដ្ឋានផ្សេងៗ រួចហើយ គណបក្សនេះនឹងត្រូវប្រកាស បញ្ចូលជាមួយគណបក្ស ភ្លើងទៀន (អតីតគណបក្សសមរង្ស៉ី) នៅប៉ុន្មានខែមុនការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីបូកផ្គួបនិងបង្កើន កម្លាំងគាំទ្រឲ្យគណបក្សភ្លើទៀន ឲ្យក្លាយជាគណបក្សប្រកួតប្រជែងមួយ ដែលមានកម្លាំងខ្លាំងប្រហាក់ប្រហែល នៅមុនពេលរួបរួមជាមួយគណបក្ស សិទ្ធិមនុស្ស ដែលបានបង្កើត ជាគណបក្សសង្រ្គោះជាតិ នៅខែកក្កដា ឆ្នាំ២០១២។

សេនារីយោទី៧ ៖ ក្រុមអ្នកនយោបាយនិរទេសខ្លួន មានដូចជាលោកសម រង្ស៉ី, លោកអេង ឆៃអ៊ាង, លោកស្រីមូរ សុខហួរ, លោកហូរ វ៉ាន់, លោកឡុង រី ជាដើម ដើរតួនាទី ជាអ្នកកៀរគរប្រភពហិរញ្ញវត្ថុគាំទ្រ ដល់ប្រតិបត្តិការកសាងរចនាសម្ព័ន្ធ និងកម្លាំងរបស់គណបក្ស បេះដូងជាតិ និងត្រៀមបម្រុង សម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសភា ឆ្នាំ២០២៣ ។ ភស្តុតាងអាចបញ្ជាក់ថា ប្រាក់ជាង២០ដុល្លារម៉ឺនដុល្លារបានពីការលក់ប័ណ្ណនាឡិកា ប្រាក់ជាង៣០ម៉ឺនដុល្លារប្រមូល បានពីផែនការមាតុភូមិនិវត្ត ៩ វិច្ឆិកា ២០១៩ និងលុយទូរទស្សន៍ ព្រះអាទិត្យជិត១លានដុល្លារ គិតទាំងការទាំងដើម អាចនឹងត្រូវបានគេយកមកបណ្តាក់ទុន ក្នុងគណបក្សភ្លើងទៀន ដើម្បីបប្រកួតប្រជែងក្នុងការបោះឆ្នោតទាំងពីរនៅពេលខាងមុខ។

សេនារីយោទី៨ ៖ យុទ្ធសាស្រ្តរបស់លោក អេង ឆៃអ៊ាង គឺ ស្វែងរកអំណាចនយោបាយជាថ្មី ដើ ម្បីដាក់សម្ពាធលើគណបក្សកាន់អំណាច ឲ្យចរចាជាមួយ លោកសម រង្ស៉ី អាចឲ្យគាត់ និងគូកនវិលត្រឡប់ ចូលប្រទេសវិញ។

អំពើក្បត់ដៃគូនយោបាយនេះបង្ហាញកាន់តែច្បាស់ឡើង នៅពេលគណបក្សភ្លើងទៀន​ ប្រកាសធ្វើសមាជកែប្រែ រចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំឡើងវិញ។ តាមពិតគណបក្ស ភ្លើងទៀន គ្រាន់តែជាបក្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាំផ្ទះ ដូចគ្នានឹងគណបក្សសិទ្ធិមនុស្ស ព្រោះបក្សទាំងពីរ បានច្របាច់កម្លាំង ចូលគ្នាបង្កើត គណបក្ស សង្រ្គោះជាតិរួចទៅហើយ ។ ការបង្កើតឡើង នូវគណបក្ស បេះដូងជាតិ គឺជាល្បិចបៀរបីសន្លឹក ដើម្បីបំភ័ន្តភ្នែកគេច ចេញពីការចោទប្រកាន់ ពីអំពើក្បត់ដៃគូនយោបាយ ខណៈដែលបក្សនេះមានចេតនាប្រមូលផ្តុំកម្លាំងថ្មី ដើម្បីយកទៅបូកជាមួយ កម្លាំងបក្សភ្លើងទៀន។

រឿងពិតមិនអាចប្រកែកបាន លោកសម រង្ស៉ី និងគូកននៅក្រៅប្រទេស បានក្បត់ជាមួយលោក កឹម សុខា ជាយូរមកហើយ ចាប់តាំងពីការចេញ​ទៅ បង្កើតចលនាសង្រ្គោះជាតិ នៅដើមឆ្នាំ២០១៨ និងការដណ្តើមយកដំណែងជាប្រធានស្តីទី គណបក្សសង្រ្គោះជាតិ នៅចុងឆ្នាំ២០១៨ ពីសំណាក់លោកសម រង្ស៉ី និងគូកននៅក្រៅប្រទេស ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×