Covid-19

នៅថ្ងៃស្អែក កម្ពុជា យកថវិកា-ឧបករណ៍វេជ្ជសាស្ត្រ ជូនមីយ៉ាន់ម៉ា ខណៈសម្តេចតេជោ បរិច្ចាគ ២០ម៉ឺនដុល្លារទៀត ជួយមីយ៉ាន់ម៉ា

ភ្នំពេញ៖ កម្ពុជា នឹងនាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ស្អែកនេះ ខណៈសម្តេចតេជោ ក៏បានបរិច្ចាគ ២០ម៉ឺនដុល្លារទៀត ជួយមីយ៉ាន់ម៉ា សម្រាប់ជំនួយមនុស្សធម៌អាស៊ាន តាមរយៈមជ្ឈមណ្ឌលអាស៊ាន សម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre)។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ។

តាមកម្មវិធីបានគ្រោងទុកនៅថ្ងៃ ១៩ សីហា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ អន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ តំណាង សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូ នាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅប្រគល់ជូនរដ្ឋាភិបាល សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមជើងហោះហើរពិសេស ។

ឧបករណ៍វេជ្ជសាស្រ្តរួមមាន៖ ម៉ាស់ចំនួន ៣ លាន តេស្តរហ័ស ចំនួន ៥០០.០០០ សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២.០០០ ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០ គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០ គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង ។

យោងតាមលិខិតសម្តេចតេជោ ជូនលោកនាយឧត្តមសេនីយ៍ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃ១៧ សីហា សម្តេចសម្រេចបរិច្ចាគជាសាច់ប្រាក់ចំនួន ២០០.០០០ ដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើការសន្យារបស់កម្ពុជា ចំនួន ១០០.០០០ ដុល្លារសម្រាប់ជំនួយមនុស្សធម៌អាស៊ាន ជួយមីយ៉ាន់ម៉ាតាមរយៈ មជ្ឈមណ្ឌលអាស៊ានសម្រាប់ សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាបានប្រគល់ម៉ាសចំនួន ២លានម៉ាស និងឧបករណ៍ពេទ្យមួយចំនួន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ហើយនេះជាលើកទី២ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគថវិកា និងសម្ភារវេជ្ជសាស្ត្រជូន រដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា៕

To Top