ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនង មានការយោគយល់ច្រើនដល់កម្ពុជា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងដែលមានការ យោគយល់ច្រើន ដល់ប្រទេសកម្ពុជា ជាពិសេសក្នុងដំណើរការស្វែងរកសន្តិភាព ការស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ការគាំទ្រកម្ពុជាលើឆាកអន្តរជាតិ និងការផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា ។

ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបសំណេះសំណាល ជាមួយបេក្ខជនជ័យលាភី អាហារូបករណ៍ JDS ឆ្នាំ២០២០ ចំនួន ២៦រូប មកពីក្រសួង ស្ថាប័នចំនួន១៥ ។

ជាកិច្ចចាប់ផ្ដើម តំណាងនិស្សិតអាហារូបករណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលា ដ៏មានតម្លៃនិងមមាញឹក អញ្ជើញចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ជាមួយនិស្សិតទាំង ២៦រូប និងទទួលបានអនុសាសន៍ ណែនាំដ៏មានតម្លៃ មុននឹងចេញដំណើរ ទៅសិក្សានៅប្រទេសជប៉ុន។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីការបង្កើតវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលមានក្នុងប្រវត្តិសាស្រ្តជាលើកទី១ និងទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ខ្លាំងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាព មន្រ្តីការទូតប្រកបដោយវិជ្ជាជីវៈ ឱ្យចូលប្រលូកជាមួយបរទេស នៅលើឆាកអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍ដែល លោកធ្លាប់បានសិក្សានៅក្រៅប្រទេស និងបានផ្ដល់អនុសាសន៍ណែនាំ ដល់និស្សិតមានភាពអត់ធ្មត់ គោរពវិន័យ និងខិតខំប្រឹងប្រែងរៀនសូត្រពីប្រទេសជប៉ុន ដើម្បីយកចំណេះដឹងទាំងនោះ មកអភិវឌ្ឍប្រទេសកម្ពុជា ។

ប្រមុខការទូតខ្មែរ គូសបញ្ជាក់យ៉ាងដូច្នេះថា «ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងដែលមានការ យោគយល់ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសក្នុងដំណើរការស្វែងរកសន្តិភាព ការស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ការគាំទ្រកម្ពុជាលើឆាកអន្តរជាតិ និងការផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា» ។

គួរឲ្យដឹងផងដែរថា គិតចាប់ពីឆ្នាំ ២០០១ ដល់ ឆ្នាំ ២០២១ មាននិស្សិតកម្ពុជាចំនួន ៤៩៦ រូប បានទទួលអាហារូបករណ៍ជប៉ុន JDS ថ្នាក់ក្រោយឧត្តមសិក្សា ក្នុងនោះមានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន ២៤រូបផងដែរ ៕

To Top