ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន បានលើកឡើងថា អាមេរិក បានចាកចេញពីកម្ពុជា នាឆ្នាំ១៩៧៥ និងចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅឆ្នាំ២០២១ នេះដោយសារប្រទេសទាំង២ លែងផ្តល់ផលប្រយោជន៍ យុទ្ធសាស្រ្ត ទោះដឹងថា ប្រជាពលរដ្ឋ អាហ្វហ្គានីស្ថាន និងកម្ពុជា នឹងទទួលរងការរំលោភសិទ្ធិមនុស្ស និងវិនាសកម្មធ្ងន់ធ្ងរ កម្រិតជាតិក៏ដោយ ។
តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១៨ សីហានេះ លោក សាម អ៊ីន បានបង្ហាញរូបភាព ២សន្លឹកស្តីពី រូបភាពទី១ ទីក្រុងកាបុល ប្រទេសអាហ្វហ្គានីស្ថាន នៅឆ្នាំ២០២១ និង រូបភាពទី២ ទីក្រុងភ្នំពេញ របស់ប្រទេសកម្ពុជា នាឆ្នាំ១៩៧៥ ។ លោកបានផ្ញើសារថា គ្មានអ្នកដឹកនាំនយោបាយ បរទេសណា គិតប្រយោជន៍ជាតិខ្មែរ ជាងអ្នកដឹកនាំនយោបាយខ្មែរទេ ។
លោក សាម អ៊ីន បានថ្លែងទៀតថា ពេលអាមេរិក សម្រេចចាកចេញពីអាហ្វហ្គានីស្ថាន ទុកឲ្យពួកតាលីបង់ ចូលមកកាន់កាប់អំណាចនៅខែសីហា ឆ្នាំ២០២១ អាមេរិកដឹងថា ពួកនេះសាហាវព្រៃផ្សៃ រំលោភសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្រ្តីនិងកុមារី ។ ពេលអាមេរិក សម្រេចចាកចេញពីកម្ពុជា នៅឆ្នាំ១៩៧៥ ទុកឲ្យពួកខ្មែរក្រហមចូលមកកាន់កាប់អំណាចនៅកម្ពុជា អាមេរិកដឹងថា ពួកនេះសាហាវ ឃោរឃៅរំលោភសិទ្ធិ មនុស្សគ្មានត្រាប្រណី។
លោកបានលើកជាសំណួរថា ហេតុអ្វីបានជាអាមេរិក សម្រេចចាកចេញពីអាហ្វហ្គានីស្ថាន នៅឆ្នាំ២០២១ និងកម្ពុជានៅឆ្នាំ១៩៧៥ បើទោះបីដឹងថា ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន និងកម្ពុជានឹងទទួលរងការ រំលោភសិទ្ធិមនុស្ស និងវិនាសកម្មធ្ងន់ធ្ងរ កម្រិតជាតិ?។
លោកថា “នោះក៏ព្រោះបេសកម្មយោធា របស់អាមេរិក គឺដើម្បីបម្រើផលប្រយោជន៍ ប្រទេសអាមរិកជាធំនិងជាចម្បង។ នៅពេលអាហ្វហ្គានីស្ថាន និងកម្ពុជាលែងមានសារប្រយោជន៍ យុទ្ធសាស្រ្តចំពោះអាមេរិកហើយ ពុំមានហេតុផលអ្វី ដែលអាមេរិកត្រូវនៅបន្ត និងចំណាយលុយចោលទេ។ រឿងការពារសិទ្ធិពលរដ្ឋអាហ្វហ្គានីស្ថាន និងកម្ពុជា មិនមែនជាកាតព្វកិច្ចរបស់អ្នកដឹកនាំនយោបាយអាមេរិកទេ តែជាកាតព្វកិច្ចរបស់អ្នកដឹកនាំ នយោបាយអាហ្វហ្គានីស្ថាន និងកម្ពុជា” ។
លោកបន្តថា ដូច្នេះ អ្នកដឹកនាំនយោបាយជំនាន់ថ្មីនៅកម្ពុជា ត្រូវយល់អំពីនយោបាយរបស់មហាអំណាច និងនយោបាយតំបន់ឲ្យបានច្បាស់ ហើយជៀសវាង កុំរុញឲ្យនយោបាយកម្ពុជា ក្លាយជាបាល់លេងរបស់មហាអំណាច ហើយធ្លាក់ក្នុងភាពវឹកវរកាប់សម្លាប់ខ្មែរគ្នាឯងជាថ្មី ។
ក្រុមតាលីបង់ បានប្រកាសជ័យជំនះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេបានកាន់កាប់ទីក្រុងកាប៊ុល ហើយប្រធានាធិបតីលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃ១៥ សីហា ដែលជាការកត់សម្គាល់ការវិលត្រឡប់ មកកាន់អំណាចរបស់ក្រុមសកម្ម ប្រយុទ្ធអ៊ីស្លាម ២០ ឆ្នាំបន្ទាប់ពីការដកហូតអំណាច ដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ។
សហរដ្ឋអាមេរិក បានឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន នៅខែតុលា ឆ្នាំ២០០១ បន្ទាប់ពីក្រុមភេរវកម្មអាល់កៃដា បញ្ជាដោយ Osama Bin Laden បានវាយប្រហារ ដោយការបើកយន្តហោះបំបុកអាគារភ្លោះ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅបុរីញូយ៉ក និង មន្ទីរបញ្ចាកោននៅរដ្ឋាធានីវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។ កងទ័ពអាមេរិកបានបង្កើតវត្តមានរហូតជាង ១សែន និងកងទ័ពណាតូចំនួន ១៣,០០០នាក់ ដែលមានបេសកកម្ម បោសសំអាតក្រុម សកម្មប្រយុទ្ធតាលីបង់ ដែលគាំទ្រដោយក្រុនភេរវកម្ម អាល់កៃដា (al-Qaeda)៕