ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យនិស្សិតខ្មែរ ទៅសិក្សានៅជប៉ុន ដាក់សំណួរថា ហេតុអ្វីជប៉ុន ធ្វើឲ្យប្រទេសខ្លួន ទៅជាមហាអំណាច សេដ្ឋកិច្ច?

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមនិស្សិត ជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ក្រៅពីការសិក្សានោះ ត្រូវដាក់សំណួរថា ហេតុអ្វីជនជាតិជប៉ុន អាចធ្វើឲ្យប្រទេសរបស់ខ្លួន រីកចំរើន និងក្លាយជាមហាអំណាចសេដ្ឋកិច្ច?។

នាឱកាសអនុញ្ញាត ឲ្យបេក្ខជនជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្សផ្ដល់ ដោយប្រទេសជប៉ុន ហៅកាត់ថា JDS ចំនួន២៦រូប ចូជួបសម្ដែងការគួរសម តាមប្រព័ន្ធវីដេអូ អនឡាញ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង បានផ្ដល់អនុសាសន៍ ឲ្យក្រុមនិស្សិតជ័យលាភី ទាំងអស់ ខិតខំកសាងទំនាក់ទំនងល្អជាមួយ មិត្តនិស្សិតមកពីបណ្ដា ប្រទេសផ្សេងទៀត រួមទាំងនិស្សិតជនជាតិជប៉ុន ។ សម្ដេចថា «ទំនាក់ទំនងល្អ មានប្រយោជន៍ច្រើនណាស់ ។ ម្យ៉ាងអាចជាកញ្ចក់ ឲ្យគេឆ្លុះឃើញថា គំនិតមាយាទ អកប្បកិរិយារបស់ជនជាតិកម្ពុជាយើង គឺស្លូតបូត សុភាពរាបសារ ឧស្សាហ៍ព្យាយាម និងតស៊ូក្នុងជីវិត» ។

សម្ដេចបានបន្ថែមថា «ក្រៅពីការសិក្សារៀនសូត្រមុខ ជំនាញរបស់យើង យើងក៏មានឱកាសបានឃើញស្រុកគេ ហើយត្រូវដាក់សំណួរ និងរកចម្លើយថា ហេតុអ្វីបានជាប្រទេសជប៉ុន ជនរួមជាតិជប៉ុន អាចធ្វើឲ្យប្រទេស របស់ខ្លួនរីកចំរើន និងទៅជាមហាអំណាចសេដ្ឋកិច្ច? ដូច្នេះត្រូវតែឆ្លៀតស្វែងរកមូលហេតុ។ ជាការពិតហើយ សុខសន្តិភាពវាជារឿងមួយ ប៉ុន្តែមានកត្តាអ្វីផ្សេងទៀត?» ។

សម្ដេចសង្ឃឹមថា និស្សិតទាំងអស់នឹងខិតខំបង្កើន សាមគ្គីភាពទាំងក្នុងចំណោមនិស្សិតខ្មែរ និងជាមួយនិស្សិតបរទេសផ្សេងទៀត ៕

To Top