ព័ត៌មានជាតិ

កម្ពុជា ប្រគល់គ្រឿងបរិក្ខារពេទ្យ និងថវិកា ជូនមីយ៉ាន់ម៉ា រួចរាល់ហើយ

ភ្នំពេញ ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាល ជំងឺកូវីដ១៩ នៅព្រឹកថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រគល់គ្រឿង បរិក្ខារពេទ្យ និងថវិកា ដែលជាជំនួយ របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ជូនដល់មីយ៉ាន់ម៉ារួចហើយ ។ នេះបើតាមបណ្តាញ សង្គមហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ។

ប្រភពបន្តថា គ្រឿងបរិក្ខារដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន , ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០ , សំលៀកបំពាក់ សុវត្ថិភាព PPE ចំនួន ២,០០០ , ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែន ស្វ័យប្រវត្តិចំនួន១០០គ្រឿង , ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង។ ក្រៅពីការផ្តល់ជាជំនួយបរិក្ខារពេទ្យនេះទៅ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ ជូនមីយ៉ាន់ម៉ា និង១០ម៉ឺនដុល្លារទៀត តាមរយៈសហគមន៍អាស៊ាន ជូនមីយ៉ាន់ម៉ាផងដែរ ។

ជាមួយគ្នានោះ ដើម្បីរួមចំណែកជួយដោះស្រាយការលំបាក របស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ពីវិបត្តិជំងឺកូវីដ១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារជូនដល់កាកបាទ ក្រហមមីយ៉ាន់ម៉ាដែរ។

ប្រភពបានលើកឡើងទៀតថា កម្ពុជាដ្បិតតែជាប្រទេសតូច ហើយស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតយ៉ាងណាក្តី តែស្មារតីនៃការចូលរួមក្នុងសហគមន៍ ធម៌មេត្តា និងមនោសញ្ចេតនាក្នុងការជួយរំលែកការលំបាកនានា មានលំហរធំទូលាយ ដែលជាវប្បធម៌ដ៏មហស្ចារ្យនៃជាតិសាសន៍នៅអាស៊ីមួយនេះ។ កាលពី ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ប្រមាណ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួន ទៅកាន់មីយ៉ាន់ម៉ាដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩ ។ ក្រៅតែពីមីយ៉ាន់ម៉ា កម្ពុជាក៏បានចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិក អាស៊ានមួយចំនួនទៀតដែរ ។

ក្នុងនោះ កាលពីខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិត អុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ។ កាលពីឆ្នាំ២០២០ សម្តេចតេជោ ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ ៕ សំណាង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top