ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ជនឆ្លៀតឱកាស​ ប្រើគ្រប់មធ្យោបាយ ដើម្បីទាញយកផលចំណេញ ពីស្ថានភាពកូវីដ១៩ ដ៏លំបាកនេះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២១នេះ វិបត្តិកូវីដ-១៩ នៅតែបន្ត ឆ្លងរាតត្បាត ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ត្រូវបានជនឆ្លៀត ឱកាសប្រើគ្រប់មធ្យោបាយ ដើម្បីទាញយកផល ចំណេញ ពីស្ថានភាពដ៏លំបាកនេះ។

ក្នុងបើក ពិធីអន្តរសាសនាប្រឆាំង ការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកវីដ-១៩ ឆ្នាំ២០២១ នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធ អនឡាញ សម្តេចតេជោ ហ៊ុន សែន មានមោទនាភាព ចំពោះការរក្សាបាននូវ ភាពសុខុដុមរមនា នៃគ្រប់ជំនឿសាសនា នៅកម្ពុជា តាមរយៈកិច្ចសហការ យ៉ាងសកម្ម ជាពិសេស ការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវវប្បធម៌ចែករំលែកពុំចេះរីងស្ងួត ជាមួយនឹងស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងគ្រាដ៏លំបាកនេះ។

សម្ដេចតេជោ មានប្រសាសន៍ថា «កម្ពុជាបានផ្អាកការជួបជុំទ្រង់ទ្រាយធំ កាលពីឆ្នាំ២០២០កន្លងទៅ ដើម្បីអនុវត្ត នូវវិធានការបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហា នៃការរាតត្បាតជំងឺកូវីង-១៩ ចូលក្នុងសហគមន៍។ សម្ដេចថា នៅឆ្នាំ ២០២១ វិបត្តិកូវីដ-១៩ នៅតែបន្តឆ្លង់ រាតត្បាត ចំណែកការជួញ ដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ក៏កំពុងត្រូវ បានជនឆ្លៀតឱកាស ប្រើគ្រប់មធ្យោបាយ ទាញយកផលចំណេញពីស្ថានភាពដ៏លំបាកនេះ» ។

សម្តេចតេជោ ក៏បានអំពាវនាវដល់ជនរួមជាតិ បន្តរក្សា និងអនុវត្តគោលការណ៍ បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ការពារ-៣កុំ» ឲ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនដោយឥតគិតថ្លៃ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំ ចៀសផុត ពីការឆ្លង នៃជំងឺ រាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ៕

To Top