ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការដាក់ពលករឲ្យធ្វើចត្តាឡីស័ក ឬការបិទខ្ទប់ គឺជាវិធានការ ការពារ សិទ្ធិរស់រានមានជីវិត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការដាក់ប្រជាពលរដ្ឋ ឬអ្នកត្រឡប់មកពីតំបន់មានហានិភ័យ ឲ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លងខ្ពស់ គឺជាវិធានការ ការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ និងចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។

ក្នុងបើកពិធីអន្តរសាសនាប្រឆាំង ការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកវីដ-១៩ ឆ្នាំ២០២១ នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ពេលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការត្រប់លំដាប់ថ្នាក់ បាននិងកំពុងពុះពារត្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងសង្គម ជាពិសេស ការបង្ការទប់ស្កាត់គ្រប់រូបភាពទៅនឹងជំងឺរាតត្បាតសកល ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់ ដើម្បីឲ្យប្រទេសជាតិ និងប្រជាជនវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញ។

សម្ដេចតេជោ បន្ដថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈដៃម្ខាងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដៃម្ខាង ទៀត ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលក្ខីវីដ ១៩ តាមគ្រប់រូបភាព ទាំងការបង្ការទប់ស្កាត់ ការព្យាបាល និង ការស្តារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ដែលទទួលរងនូវផលប៉ះពាល់។

សម្ដេចតេជោ មានប្រសាសន៍ថា «ដូច្នេះ ការដាក់ប្រជាពលរដ្ឋ ឬអ្នកត្រឡប់មកពីតំបន់មានហានិភ័យឲ្យស្ថិតក្នុងការធ្វើ ចត្តាឡីស័ក ឬការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬផ្អាកការឆ្លងដែនខុសច្បាប់នៅក្នុងដំណាក់កាល នៃការរឹតបន្តឹងវិធានការការពារសុវត្ថិភាព មិនមានន័យថា ជាការបិទសិទ្ធិសេរីភាព ឬ ការរើសអើង ដូចក្រុមជនអគតិបង្កបញ្ហាមួយក្រុមដែលមាននិន្នាការ ប្រឆាំងផ្កាប់មុខ បាននិងកំពុងតែឃោសនាមួលបង្កាច់បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាវិធានការការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព»៕

To Top