ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាង ជិតស្និទជាមួយលោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលទើបតែងតាំងថ្មី ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជន ។

តាមរយៈសារលិខិត កាលពីថ្ងៃទី២០ សីហា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ យ៉ាងកក់ក្តៅចំពោះលោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ក្នុងឱកាសត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ី។

សម្ដេចបន្តថា លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ពិតជាទទួលបាននូវជំនឿទុកចិត្តយ៉ាងធំធេង ក្នុងការដឹកនាំប្រទេសជាតិ ខណៈដែលម៉ាឡេស៊ី ដូចជាពិភពលោកទាំងមូលដែរ កំពុងខិតខំប្រឹងប្រែងគ្រប់គ្រង ការផ្ទុះឡើងវិញនូវជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើជីវភាពប្រជាជន និងសេដ្ឋកិច្ច។

សម្ដេចជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកប ដោយសមត្ថភាពរបស់លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ប្រទេសម៉ាឡេស៊ី នឹងងើបឡើងវិញប្រកបដោយ ឋាមពលកាន់តែខ្លាំងក្លាពីការលំបាក និងបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ននេះ ហើយនឹងសម្រេចបាននូវ កំណើនកាន់តែខ្ពស់ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមលើគ្រប់ទិដ្ឋភាព។

សម្ដេចបន្ថែមថា កម្ពុជា និងម៉ាឡេស៊ីមានទំនាក់ទំនង មិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយ ផ្លែផ្កាលើវិស័យជាច្រើន។ ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ព្រមទាំងការប្រាស្រ័យ ទាក់ទងរវាងប្រជាជន និងប្រជាជននៃប្រទេសរបស់យើង មានកំណើនគួរឲ្យកត់សម្គាល់ ហើយក៏កំពុងបន្តកើនឡើងថែមទៀត។

សម្ដេចបញ្ជាក់ថា «ខ្ញុំត្រៀមខ្លួនធ្វើការយ៉ាង ជិតស្និទជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃនេះ ដើម្បីផលប្រយោជន៍ទៅវិញ ទៅមករបស់ប្រជាជនយើង ក៏ដូចជាដើម្បីសន្តិភាព សិ្ថរភាព សន្តិសុខ និងការ កសាងសហគមន៍អាស៊ានដ៏រឹងមាំ» ៕

To Top