ព័ត៌មានជាតិ

ស្ត្រីមេម៉ាយកំសត់ ទទួលផ្ទះថ្មី ១ខ្នង ពីកាកបាទក្រហមកម្ពុជា

កំពង់ចាម ៖ ផ្ទះថ្មី១ខ្នង ជាអំណោយ របស់កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ ត្រូវបានប្រគល់ជូន លោកយាយ ឌឿ ម៉េត អាយុ ៧៣ឆ្នាំ រស់នៅជាមួយកូនស្រីមេម៉ាយម្នាក់ និងចៅស្រីប្រុស ២នាក់ ស្ថិតនៅក្នុង ភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ។

បើតាម លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឲ្យដឹងថា ផ្ទះថ្មីនេះ ចំណាយថវិកាអស់ចំនួន ៨,៤៧២ដុល្លារ មានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ ធ្វើពីឈើខ្ពស់ផុតពីដី ដំបូលប្រក់ស័ង្កសីភ្លីធំ ជញ្ជាំងស្មាបត, ជណ្តើរថ្ម , ក្រាលរនាបឬស្សី មានបន្ទប់ដេក ១, មានប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ( solar )។

ស្ថិតក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ លោកយាយ ឌឿ ម៉េត ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។

សូមបញ្ជាក់ថា សម្ភារៈមនុស្សធម៌ ដែលផ្តល់ជូន លោកយាយឌឿ ម៉េត សម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន ៖ អង្ករ ៥០ គក្រ, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត ២សម្រាប់, ម៉ាស់ ២ប្រអប់ , អាវយឺត ១៦, សម្ភារផ្ទះបាយ ២សម្រាប់ , ធុងទឹកធំ ១, ចង្ក្រាន ២ , ធ្យូង ៥គក្រ និង អុស ១បាច់ ។ ដោយឡែក លោកយាយ និងលោកតា ចំនួន ២១នាក់ ដែលបានចូលរួមក្នុងឱកាសនោះ ក្នុងម្នាក់ៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ម៉ាស់ ១ប្រអប់, , និង ថវិកា ២០,០០០ រៀល ផងដែរ ៕

To Top