នយោបាយ

លោក មុត ចន្ថា រំលឹកទៅលោក សម រង្ស៊ីទៀតថា មនុស្សពីរនាក់ មិនអាចក្លាយជាមនុស្សតែមួយ (Video)

ភ្នំពេញ៖ ជាថ្មីម្តងទៀត លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានរំលឹកទៅលោក សម រង្ស៊ីថា មនុស្សពីរនាក់ មិនអាចក្លាយជាមនុស្សតែមួយ ព្រោះអ្វីៗបានដើរផ្ទុយគ្នាស្រឡះ។

ជាបន្តនេះ សូមអានសំណេរទាំងស្រុង របស់លោកមុត ចន្ថា៖ យើងស្តាប់ឮជាហូរហែរហូត មកដល់ពេលនេះដែលលោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ បានអះអាងតែម្ខាងថា «សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ»។ កាលបើបានស្តាប់ទៅហាក់ពិរោះ និងមានអត្ថន័យបញ្ជាក់ពី ភាពស្មោះត្រង់ខ្លាំងណាស់ ប៉ុន្តែធាតុពិតផ្ទុយស្រឡះ។ តាមពិតវាគ្រាន់តែសំដីផ្លែល្វា ដើម្បីបញ្ឆោតនិងបំភ័ន្ត មហាជនឱ្យយល់ច្រឡំ ក្នុងចេតនាកេងប្រវ័ញ្ច ប្រយោជន៍ពីជនរងគ្រោះ គឺលោក កឹម សុខា ទៅវិញទេ។

មានហេតុផលជាក់លាក់ មួយចំនួនអាចបញ្ជាក់ ជាអាទិ៍ ៖

១. លោក សម រង្ស៉ី បានបង្កើតអ្វីដែលហៅថា «ចលនាសង្រ្គោះជាតិ» នៅឆ្នាំ២០១៨ ដែលបានផ្តាច់ខ្លួនចេញពី បុព្វហេតុរបស់គណបក្សសង្រ្គោះជាតិ ព្រោះចលនានេះជាអង្គការចាត់តាំង នយោបាយខុសច្បាប់មួយដែលត្រូវបាន ចាត់ទុកជាក្រុមឧទ្ទាមក្រៅច្បាប់។ ខណៈដែលអង្គការចាត់នេះ មិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងអាចធ្វើការជាមួយ គាត់មិនអាចបន្តប្រើប្រាស់ ឈ្មោះចលនានេះ តទៅទៀត ដើម្បីធ្វើសកម្មភាពឡើយ។ ក្នុងន័យនេះ លោក សម រង្ស៉ី បានបោះបង់ចោលលោក កឹម សុខា។

២. ដោយសារមូលហេតុទី១នេះ លោក សម រង្ស៉ី ក៏បានងាកមកដណ្តើមយកតួនាទី ជាមេដឹកនាំនៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ ដោយលើកបន្តុបខ្លួនគាត់ជា«ប្រធានស្តីទី» នៅខែធ្នូ ឆ្នាំ២០១៨ ដោយរំលោភបំពានលក្ខន្តិកៈបក្ស ដែលជាច្បាប់កំពូល របស់គណបក្សសង្រ្គោះជាតិ ខណៈដែលលោក កឹម សុខា ជាប្រធានគណបក្ស កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង។ នេះជាអំពើអគុណធម៌ធំបំផុត ចំពោះដៃគូនយោបាយ ដែលបានកើតចេញពីការរួបរួមគ្នា នៅខែកក្កដា ឆ្នាំ២០១២។

៣. លោក សម រង្ស៉ី បានប្រមាថការលះបង់របស់លោក កឹម សុខា ដោយបានបន្ទាបបន្ថោកថា «ការជាប់គុកឥតប្រយោជន៍» ដែលទង្វើនេះបង្ហាញឱ្យឃើញថា ពាក្យស្លោករបស់គាត់ៈ «សម រង្ស៉ី និង កឹម សុខា គឺជាមនុស្សតែមួយ» គឺជាអំពើកុហក និងបំភ័ន្ត។

៤. លោក សម រង្ស៉ី បានប្រើប្រាស់តួនាទីលើកបន្តុបដោយខ្លួនឯង ប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូបានលោកស្រី រ៉ូណា ស្មីត អតីតអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថ្លែងថ្កោលទោសនៅឯកិច្ចប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ថាជាអំពើបំពានគោលការណ៍ ប្រជាធិបតេយ្យ និងច្បាប់។ អំពើខុសច្បាប់ជាតិ និងច្បាប់អន្តរជាតិនេះ គឺផ្ទុយស្រឡះពីគោលជំហរ នយោបាយរបស់លោក កឹម សុខា និងគោលនយោបាយ របស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ (មាត្រា៥ និងមាត្រា៨ នៃលក្ខន្តិកៈគណបក្ស)។

៥. លោក សម រង្ស៉ី បានរៀបចំផែនការមាតុភូមិ និវត្តវិលចូលស្រុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបើកយុទ្ធនាការ រ៉ៃអង្គៀសប្រាក់បានរហូតជាង ៣០ម៉ឺនដុល្លារអាមេរិក។ ប្រសិនជាផែនការមាតុភូមិនិវត្ត របស់គាត់គ្រោងធ្វើឡើងដោយសន្តិវិធី នោះមិនត្រូវបានគេចាត់ទុកជា អំពើផ្ទុយនឹងច្បាប់ឡើយ ហើយក៏អាចត្រូវបាន គេកោតសរសើរគាត់ ជាមនុស្សក្លាហានដែលហ៊ាន មកតទល់តាមផ្លូវច្បាប់ និងតាមផ្លូវប្រជាធិបតេយ្យ។ ប៉ុន្តែគាត់បានប្រកាសក្តែងៗថា គាត់ចូលមកប្រទេសកម្ពុជាវិញ ដើម្បីចាប់ខ្លួន សម្តេច ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ដែលស្មើនឹងការផ្តួលរំលំរដ្ឋាភិបាលមួយ ដែលត្រូវបានថ្កោលទោសពីមជ្ឈដ្ឋាន សមាជិកសហគមន៍អន្តរជាតិ ក្នុងនោះក៏មានប្រទេស មហាអំណាចផងដែរ ដែលប្រទេសទាំងនោះ មិនអាចគាំទ្រអំពើហិង្សា និងសកម្មភាពណាដែល រំលោភបំពានច្បាប់នៃ រដ្ឋអធិបតេយ្យឡើយ។ គ្រាន់តែគាត់ប្រកាសបែបនេះ មជ្ឈដ្ឋានជាតិនិងអន្តរជាតិ បានយល់ច្បាស់ពីបំណងរបស់គាត់ គឺគាត់មិនមានភាពក្លាហានហ៊ាន វិលចូលប្រទេសប្រទេសវិញឡើយ ទោះបីគាត់ខិតខំរៀបចំ ឈុតឆាកសម្តែង ដោយការអូសវាល្លីសដើរ ចូលព្រលានយន្តហោះនៅទីក្រុងប៉ារីស ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ បដិសេធថា មិនបានលក់សំបុត្រយន្តហោះឱ្យគាត់ «សម រង្ស៉ី» ហើយរដ្ឋាភិបាលថៃ ក៏បានប្រកាសស្កាត់មុនថា មិនអនុញ្ញាតឱ្យគាត់ចូលប្រទេស របស់គេដែលជាប្រទេសគោលដៅ ដែលគាត់បានប្រកាសថា នឹងដើរចូលប្រទេសកម្ពុជាជាមួយ ពលករចំណាកស្រុកខ្មែរ តាមច្រកព្រំដែនប៉ោយប៉ែត បើតាមការអះអាងរបស់គាត់។ ជាលទ្ធផលបានមកពីអំពើកុហក និងបំភ័ន្តរបស់គាត់ បាននាំឱ្យសកម្មជន និងអ្នកគាំទ្រមិនបានគិត ដល់ចាញ់កល្បរាប់រយនាក់ ត្រូវប្រឈមមុខនឹងវិធានការច្បាប់ និងតុលាការ និងមួយចំនួនត្រូវចាប់និងឃុំខ្លួន ហើយនិងរយនាក់ទៀតបាន រត់គេចខ្លួនទៅក្រៅប្រទេស។ ទង្វើនេះបានប្រឆាំងនឹងគោលការណ៍រួម រវាងលោក សម រង្ស៉ី និង កឹម សុខា ជាពិសេស មាត្រា៥ និងមាត្រា៨ នៃលល្ខន្តិកៈគណបក្ស។

៦. ម្តងហើយម្តងទៀត លោក សម រង្ស៉ី បានអំពាវនាវឱ្យកងទ័ព និងកម្លាំងប្រដាប់អាវុធ បែរចុងកាណុងកាំភ្លើង ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអំពើនេះត្រូវបានគេចាត់ ទុកជាអំពើហិង្សារំលោភបំពានទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ជាពិសេស មាត្រា៨ កថាខណ្ឌទី៤ នៃលក្ខន្តិកៈគណបក្ស ស្តីពីគោលនយោបាយអហិង្សា។ ការអំពាវនាវនេះបានរុញច្រានឱ្យ កិច្ចខិតខំប្រឹងប្រែងរបស់ សហគមន៍អន្តរជាតិឃ្លាតឆ្ងាយបន្តិចម្តងៗ ក្នុងការស្វែងរកដំណោះស្រាយ ស្តារលទ្ធិប្រជាធិបតេយ្យ និងបើកឱ្យមានលំហ នយោបាយទូលំទូលាយឡើងវិញ ព្រោះសមាជិកសហគមន៍អន្តរ មិនអាចធ្វើការជាមួយ ឬគាំទ្រអ្នកនយោបាយខ្មែរ ណាដែលនិយមអំពើហិង្សា (advocacy for violence) និងសកម្មភាពបំពានច្បាប់នៃ រដ្ឋអធិបតេយ្យមួយបានឡើយ។

៧. លោក សម រង្ស៉ី បានធ្វើការប្រមាថ មកលើអង្គព្រះមហាក្សត្រ ម្តងហើយម្តងទៀតដែលជា ការរំលោភបំពានលើ រដ្ឋធម្មនុញ្ញដែលចែងថាៈ «អង្គព្រះមហាក្សត្រមិនអាចនរណា រំលោភបំពានបសនឡើយ (មាត្រា៧ កថាខណ្ឌទី៣)»។ ជាលទ្ធផល លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោស ពីបទប្រមាថអង្គព្រះមហាក្សត្រ និងប្រឈមនឹងបណ្តឹង អាជ្ញាជាបន្តទៀត។ គាត់បានចោទអង្គព្រះមហាក្សត្រថា មិនបានធ្វើអ្វីជួយប្រជាពលរដ្ឋ ដែលរង់ទុក្ខលំបាក ប៉ុន្តែគាត់ភ្លេចគិតថា ខ្លួនគាត់ជាសមាជិកមួយរូបនៃ គណៈកម្មាធិការអចិន្រ្តយ៍ រៀបរៀងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលគាត់បានគាំទ្រឱ្យដាក់បញ្ចូល ប្បញ្ញត្តិមួយទៅក្នុងរដ្ឋធម្មនុញ្ញ គឺ «ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ (មាត្រា៧ កថាខណ្ឌទី១)»។ ប៉ុន្តែនៅពេលនេះបែរជា គាត់មកបន្ទោសថាព្រះមហាក្សត្រគ្មានអំណាចអ្វីទាំងអស់។ លក្ខន្តិកៈរបស់អតីតគណបក្សសង្រ្គោះជាតិ កំណត់គោលនយោបាយគោរព រដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។ ទង្វើនេះដើរផ្ទុយពីគោលជំហរ នយោបាយរបស់លោក កឹម សុខា ដែលតែងតែគោរព បដិបត្តិច្បាប់យ៉ាងខ្ជាប់ខ្ជួន។

៨.លោក សម រង្ស៉ី បានប្រកាសឱ្យបង្កើតរដ្ឋាភិបាលរួបរួមជាតិ ឱ្យដូចអ្វីដែលគណបក្សសម្ព័ន្ធជាតិ ដើមបីប្រជាធិបតេយ្យនៅភូមាដូច្នោះដែរ ដែលត្រូវបានចាត់ទុកជាអំពើ រំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ។ លោក កឹម សុខា តាមរយៈមេធាវី បានបដិសេធមិនគាំទ្រ មិនជាប់ពាក់ព័ន្ធ មិនចូលរួម ឬនៅពីក្រោយការប្រកាសលោក សម រង្ស៉ី។ នេះការបង្ហាញយ៉ាងច្បាស់ថា គោលជំហររបស់លោក កឹម សុខា ខុសពីលោក សម រង្ស៉ី។

៩.អ្វីដែលបង្ហាញឱ្យឃើញ កាន់តែច្បាស់ពីការបែងចែក និងការរើសអើងនោះ ចាប់តាំងតែពីលោក កឹម សុខា ត្រូវបានដោះលែងពីពន្ធនាគារត្រពាំងថ្លុង នៅខែកញ្ញា ឆ្នាំ២០១៨ ដើម្បីមកឃុំនៅក្នុងផ្ទះ និងរហូតតុលាការបានបន្ធូរបន្ថយលក្ខខណ្ឌឃុំខ្លួន នៅខែវិច្ឆិកា ឆ្នាំ២០១៩ និងរហូតមកដល់ពេលនេះ គ្មានអ្នកនយោបាយ ឬសកម្មជននៃកូតាគណបក្សសមរង្ស៉ី ណាម្នាក់ បានមកសួរសុខទុក្ខ ឬមកសម្តែងការនឹកឭក ឬសម្តែងការគួរសមចំពោះលោក កឹម សុខា នៅផ្ទះរបស់គាត់ ម្តងណាឡើយ។ ពួកគេខ្លះមិនគ្រាន់អគុណធម៌ និងមិនចាត់ទុកលោក កឹម សុខា ជាមេដឹកនាំរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានវាយប្រហារ និងជេរប្រមាថមកលើលោក កឹម សុខា ថែមទៀត។ បន្ទាប់ពីលោក សម រង្ស៉ី បានដណ្តើមយកតួនាទី ជាប្រធានស្តីទីដោយខុសច្បាប់ នៅខែធ្នូ ឆ្នាំ២០១៨ គាត់បានបង្កើតឱ្យមាន ក្រុមឆ្កែញីមួយក្រុម ក្នុងក្របខ័ណ្ឌចលនាស្រ្តីនៃ គណបក្សសង្រ្គោះជាតិក្រៅប្រទេស ឬ CNRP-OVERSEA (CNRP-O) បើកយុទ្ធនាការជេរ និងប្រមាថមកលើលោក កឹម សុខា យ៉ាងក្លៀវក្លាបំផុត ហើយលោក សម រង្ស៉ី ថែមទាំងបានប្រគល់ប័ណ្ណសរសើរដល់ក្រុមឆ្កែញីនេះទៀងផង។ នេះជាចរិតចាប់ដៃ ជាន់ជើងរបស់លោក សម រង្ស៉ី មកលើលោក កឹម សុខា។

១០.លោក សម រង្ស៉ី បានឈរពីក្រោយយ៉ាងរឹងមាំ ចំពោះការបំបែកកម្លាំងគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស តាមរយៈការបង្កើតឡើង នូវចលនាសង្រ្គោះជាតិ ដែលត្រូវបានចាត់ទុកជា ចលនាឧទ្ទាមក្រៅច្បាប់, បង្កើតឡើងនូវគណបក្សសង្រ្គោះជាតិ ក្រៅប្រទេស ឬ CNRP-OVERSEA (CNRP-O), កែប្រែរចនាសម្ព័ន្ធ និងដកដោះដូរមនុស្សក្នុងរចនាសម្ព័ន្ធ ដឹកនាំនៅក្រៅប្រទេស ដូចជានៅអាមេរិក អឺរ៉ុប និងនៅកូរ៉េខាងត្បូង។ លោក សម រង្ស៉ី បានបំបែកបំបាក់ចលនាយុវជន ជាពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងជាពីរ ដោយគាត់បានគាំទ្រក្រុមថ្មី មួយទៀតដែលដឹកនាំដោយ «អាសង្ហា»។ ចាប់តាំងពីលោក សម រង្ស៉ី បានដណ្តើមយកតួនាទីជាប្រធានស្តីទី ដោយខុសច្បាប់មក គាត់មិនបានធ្វើអ្វីឱ្យមានតែបង្រួបបង្រួម បក្សម្តងណាឡើយ គឺមានបំបែក និងបំបែកឱ្យខ្ទេច តាមរយៈការដកមនុស្ស របស់គណបក្សសិទ្ធិមនុស្សចេញ ដាក់មនុស្សបក្ស សមរង្ស៉ី ជំនួសវិញ។

១១.ភស្តុតាងថ្មីពីរថែមទៀត គឺលោក សម រង្ស៉ី បានបើកភ្លើងខៀវឱ្យគណបក្សភ្លើងទៀន អតីតគណបក្សសមរង្ស៉ី ត្រៀមធ្វើសមាជបក្ស ដើម្បីកែប្រែរចនាសម្ព័ន្ធ និងផ្លាស់ប្តូរអ្នកដឹកនាំ ខណៈដែលគណបក្សនេះ គ្រាន់តែជាបក្សចាំផ្ទះ បន្ទាប់ពីរួបរួមជាមួយគណបក្សសិទ្ធិមនុស្ស នៅខែកក្កដា ឆ្នាំ២០១២។ មនុស្សជំនិតរបស់លោក សម រង្ស៉ី គឺលោក ជា គឹមលី ខ្មែរ-អាមេរិកកាំង ដែលជាប្រធានគណបក្សសង្រ្គោះជាតិ អាមេរិកខាងជើង-អាមេរិកកាំង (CNRP-A) ដើរចលនាកៀរគរកម្លាំងពី អតីតគណបក្សសង្រ្គោះជាតិឱ្យ មកគាំទ្រគណបក្សភ្លើងទៀន និងខ្លួនគាត់ត្រៀមខ្លួន មកចូលរួមដឹកនាំបក្សភ្លើងទៀន។ ស្របពេលជាមួយគ្នា លោក សម រង្ស៉ី បានប្រលេងលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ឱ្យរៀបចំយុទ្ធសាស្រ្ត និងផែនការបង្កើតគណបក្សថ្មីមួយទៀត គឺ «គណបក្សបេះដូងជាតិ» នៅក្នុងប្រទេស ដើម្បីអូសទាញកម្លាំង អតីតគណបក្សសង្រ្គោះជាតិ ក្នុងទិសដៅទប់ទល់ជាមួយ គណបក្សនយោបាយទើបបង្កើតថ្មី បន្ទាប់មកយករចនាសម្ព័ន្ធ និងកម្លាំងរបស់គណបក្សបេះដូងជាតិ ទៅបូកបញ្ចូលជាមួយគណបក្សភ្លើងទៀន សម្រាប់ត្រៀមចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសភា ឆ្នាំ២០២៣។

១២.លោក សម រង្ស៉ី និងគូកន បានប្រមូលលុយ អតីតគណបក្សសង្រ្គោះជាតិ និងលុយគម្រោងទូរទស្សន៍ព្រះអាទិត្យ លានដុល្លារ ទៅបាត់ឈឹង។ ស្របពេលជាមួយគ្នា លុយមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ ជាង $30ម៉ឺន និងលុយលក់ប័ណ្ណនាឡិកាដៃជាង $20ម៉ឺន ក៏បាត់ស្ងាត់ឈឹង។ លុយទាំងនេះអាចត្រូវបាន យកទៅចែកគ្នាចាយ និងមួយចំណែកត្រូវបានគេដាក់ការសង្ស័យថា ទុកត្រៀមបម្រុងផ្គត់ផ្គង់ ដល់គណបក្សបេះជាតិ និងគណបក្សភ្លើងទៀន។

សរុបមកវិញ អ្វីដែលលោក សម រង្ស៉ី បានធ្វើនិងកំពុងបន្តធ្វើ គឺផ្ទុយពីគោលការណ៍ និងគោលនយោបាយរួម នៃសម្ព័ន្ធភាពនៅមុនបង្កើត គណបក្សសង្រ្គោះជាតិ និងផ្ទុយពីគោលនយោបាយ របស់គណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៉ី និងមនុស្សជិតស្និទ្ធរបស់គាត់ មិនបានផ្តល់នូវតម្លៃនៃ ការលះបង់និងការ ធ្វើពលិកម្មរបស់លោក កឹម សុខា ម្តងណាឡើយ ហើយថែមទាំងប្រមាថបន្ថែមទៀត។ សកម្មភាពបំពានច្បាប់ ទោះបីច្បាប់នោះមានចរិត បែបណាក៏នៅតែជាច្បាប់ របស់លោក សម រង្ស៉ី គឺជាការទទួលខុសត្រូវជាលក្ខណៈបុគ្គល។ មនុស្សពីរអ្នកអាចស្បថគោរព គោលការណ៍រួមតែមួយ ប៉ុន្តែបើសិនម្នាក់ណារំលោភ លើគោលការណ៍រួមនោះ ម្នាក់នោះបានបែកចេញរួចទៅហើយ។ មនុស្សពីរនាក់សន្យាគ្នាគោរពច្បាប់ ប៉ុន្តែម្នាក់បានរំលោភល្មើសនឹងច្បាប់ ដូច្នេះម្នាក់ក្លាយជាទណ្ឌិត។ លើសពីនេះទៀត ស្របតាមកត្តានិងច្បាប់ធម្មជាតិ មនុស្សពីរនាក់មិនអាចរលាយចូលគ្នា ក្លាយទៅជាមនុស្សតែមួយបានទេ ដូច្នេះពាក្យស្លោកនេះ គឺជាការបំភ័ន្តភ្នែក-ត្រចៀក។ ពាក្យស្លោកនេះបង្កប់ ដោយចេតនាខ្មៅកខ្វក់ ដើម្បីអូសទាញនិងភ្ជាប់លោក កឹម សុខា ជាមួយអំពើខុសច្បាប់ផ្សេង ដែលលោក សម រង្ស៉ី បានប្រព្រឹត្តឡើង និងបំភ័ន្តឱ្យមានយល់ច្រឡំថាលោក កឹម សុខា គាំទ្រ ចូលរួម និងនៅពីក្រោយផែនការផ្សេងៗ និងសង្រ្គាមវោហារសាស្រ្ត ស្រួចស្រាល់របស់លោក សម រង្ស៉ី។ លោក កឹម សុខា បានព្យាយាមបដិសេធ ជាច្រើនលើកតាមរយៈមេធាវី ប៉ុន្តែទាំងលោក សម រង្ស៉ី និងលោក អេង ឆៃអ៊ាង មិនព្រមទទួលយកការបដិសេធទាំងនេះ ដោយលើកហេតុផលខ្លួនឯងថា «មិនមែនជាសំដី និងចេតនារបស់លោក កឹម សុខា ព្រោះថាលោក កឹម សុខា កំពុងស្ថិតនៅជាចំណាប់ខ្មាំង»៕

To Top