ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ឧបត្ថម្ភគ្រឿងឧបភោគ និងថវិកា ដល់ប្រជាការពារ ខណ្ឌ និងសង្កាត់ ទាំង១០៥ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ជាមួយថវិកាមួយចំនួនត្រូវបានលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រគល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបន្តទៅប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ទូទាំងរាជធានីដើម្បីសម្រួលដោះស្រាយការលំបាក ខណៈរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលជំងឺកូវីដ-១៩ ។

ក្នុងពិធីប្រគល់ និងទទួលអំណោយនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណលោក ហ៊ុន ម៉ានី និងលោកស្រីដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៣០៥២កញ្ចប់ ដោយក្នុង១កញ្ចប់ មានថវិកាចំនួន២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់៤កំប៉ុង ថ្នាំ-ច្រាសដុសធ្មេញ១ឈុត និងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ) ។

លោកឃួង ស្រេង បានលើកឡើងទៀតថា ពាក់ព័ន្ធការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ តាមការចង្អុលណែនាំពីសម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់នូវការរីករាលដាល ជំងឺកូវីដ-១៩នេះ ។ ភ្នំពេញបានផ្ទុះការរីករាលដាលកូវីដ-១៩ធំ ចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយបានស្រាកស្រាន្តទៅវិញ ចុងខែមិថុនានេះ ។

ក្នុងព្រឹត្តិការណ៍នេះ សម្ដេចតេជោ ក្រៅពីខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ហើយនោះ សម្តេចតេជោ នូវបានស្វះស្វែង រកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋថែមទៀត ដែលធ្វើឱ្យជំងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២២ សីហា ជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ បានកើតមានឡើងតែ៦៨នាក់ប៉ុណ្ណោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់នូវការរីករាល ដាលជំងឺកូវីដ-១៩ អោយកាន់តែល្អប្រសើរឡើងថែមទៀត។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ កងកម្លាំង ប្រដាប់អាវុធទាំងាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកក៏នៅតែជំរុញ ឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដោយហេតុថា កូវីដ-១៩ មិនបញ្ចប់ត្រឹមនេះទេ នឹងបន្តរស់នៅជាមួយយើង ទៅមុខទៀតដែលយើងត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឲ្យបាន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×