ព័ត៌មានជាតិ

សម្តេច ហេង សំរិន ៖ បច្ចេកវិទ្យាឌីជីថល ដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ ៖ ថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ (អាយប៉ា) តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២៣ សីហា ២០២១ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈ បច្ចុប្បន្ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការជំរុញសន្ទុះនៃកំណើន សេដ្ឋកិច្ចឱ្យងើបឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកបដោយចីរភាព និងភាពធន់ជាងមុន ទៅនឹងវិបត្តិផ្សេងៗ ។

សម្តេចបានគូសបញ្ជាក់ថា ពិភពលោកក្នុងបរិការណ៍ នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័ស លើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។

មហាសន្និបាតអាយប៉ាលើកទី៤២ ដែលសភាប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង តាមប្រព័ន្ធនិមិ្មត ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២១នេះ ក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥។”

ក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាត ជាមួយថ្នាក់ដឹកនាំសភា ប្រទេស សមាជិកAIPAទំាង១០ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ ចំពោះក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃប្រទេសព្រុយណេដារ៉ូសាឡាម ជាពិសេស ឯកឧត្តម ប៉េហ៊ីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាត អាយប៉ាលើកទី៤២ ចំពោះកិច្ចខិតខំប្រឹងប្រែងនិង ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ដើម្បីឈានឆ្ពោះ ទៅសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចបានគូសបញ្ជាក់ថាសម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥” សំដៅកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឱ្យមានភាពរស់រវើកដើម្បីជំរុញការទទួលយកនិងការធ្វើបរិវត្តកម្មឌីជីថល។

ជាមួយគ្នានេះ សម្តេច ហេង សំរិន បានអំពាវនាវដល់អាស៊ាន និងអាយប៉ាយ ជំរុញនិងលើកកម្ពស់ ឌីជីថលូបនីយកម្ម ដែលជាកាលានុវត្តភាពដ៏សំខាន់ និងចាំបាច់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចថ្មី និងការលើកកម្ពស់សុខុមាលភាព សង្គម ផ្អែកលើប្រក្រតីភាពថ្មី។

សម្តេច បានស្នើដល់អ្នកពាក់ព័ន្ធត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ តំបន់លើការតភ្ជាប់ឌីជីថល ការធ្វើពាណិជ្ជកម្មឌីជីថលឆ្លងកាត់ព្រំដែន សន្តិសុខ និងសុវត្ថិភាព នៃលំហូរទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ីនធ័រណែត និងការធ្វើឌីជីថលូបនីយកម្ម ប្រកបដោយបរិយាប័ន្ន៕

To Top