ព័ត៌មានជាតិ

វ៉ាក់សាំងចិនដូសនីមួយៗ ពោរពេញដោយ មនោសញ្ចេតនារបស់ប្រជាជនចិន ជូនប្រជាជនកម្ពុជា

ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា វ៉ាក់សាំងចិនដូសនីមួយៗ ពោរពេញដោយមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជាជនចិន ជូនប្រជាជនកម្ពុជា ហើយចិន បន្តធ្វើជាបង្អែក យុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជាផងដែរ។

ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ពីសមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោក Wang Wentian បានថ្លែងថា ចិន-កម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អ។

លោកបានបញ្ជាក់ថា «វ៉ាក់សាំងចិនដូសនីមួយៗ ពោរពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត របស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា ហើយប្រទេសចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា។ ទន្ទឹមនឹងនេះ កាកបាទក្រហមចិន និងកាកបាទក្រហមកម្ពុជា តែងរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការចំណងមិត្តភាព។ រាល់ពេលមានគ្រោះធម្មជាតិកើតឡើង ភាគីទាំងពីរបានជួយគ្នាទៅវិញទៅមកយ៉ាងទាន់ពេលវេលា»។

លោកបានបន្ដថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិន-កម្ពុជា បានជួយគ្នាទៅវិញទៅមក រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូសម្រាប់សហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុស នៅក្នុងសហគមន៍អន្តរជាតិ៕

To Top