ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះកម្រិតទឹកភ្លៀងខ្លាំង នាពេលនេះ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានសរសេរថា “គិតត្រឹមយប់នេះ កម្រិតទឹកភ្លៀងមានកម្ពស់ ២៧៥មីលីម៉ែត្រ ពីកម្រិតបង្គួរទៅខ្លាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះបើគ្មានភាពចាំបាច់”។
សូមជម្រាបជូនថា កម្រិតទឹកភ្លៀងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានកម្ពស់ ២៧៥មីលីម៉ែត្រ ដែលបណ្ដាលឲ្យតំបន់មួយចំនួនរងនូវការលិចលង់ចូលក្នុងផ្ទះសម្បែង។ ក្នុងនោះដែរអាជ្ញាធរបញ្ចេញកម្លាំងជួយសង្គ្រោះកន្លែងលិចលង់ផងដែរ។
សូមរំលឹកថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១។
ក្រសួងធនធានទឹក បានបញ្ជាក់ទៀថា នៅរយៈពេលនេះនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងតាមតំបន់ និងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕



