ព័ត៌មានជាតិ

ក្រុមអង្គការសង្គមស៊ីវិល បារម្ភការបង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិកម្ពុជា គឺជាចរិតនយោបាយ និងគ្មានទំនួលខុសត្រូវ

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាក់ទុក ការព្រួយបារម្ភអំពីការបង្កើត ស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា របស់ក្រុមអង្គការសង្គមស៊ីវីលទាំង៦០ បានបង្ហាញពីចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវ។

ការលើកឡើងរបស់ លោក ជិន ម៉ាលីន ដើម្បីឆ្លើយតបទៅនឹង​ សេចក្តីថ្លែងការណ៍របស់ អង្គការសង្គមស៊ីវិលទាំង៦០ ដែលបង្ហាញក្តីបារម្ភ អំពីការបង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានថ្លែងថា «ការបង្ហាញក្តីបារម្ភ អំពីការបង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិកម្ពុជា របស់ក្រុមអង្គការសង្គមស៊ីវីលទាំង ៦០នេះ បានបង្ហាញ ពីចរិតនយោបាយ និងភាព គ្មានទំនួល​ខុសត្រូវ របស់ក្រុមអង្គការ សង្គមស៊ីវីល មួយក្តាប់តូចនេះ ដោយហេតុថា តាំងពីដំបូងមក ក្រុមសង្គមស៊ីវីល ជាអ្នកស្នើសុំបង្កើត ស្ថាប័ននេះ និងទទួលយកទៅរៀបចំ ដោយខ្លួនឯង តាំងពីឆ្នាំ១៩៩៧មកម្លះ ។ ដោយការងារនេះ ស្ថិតក្នុងដៃសង្គមស៊ីវីយូរឆ្នាំពេក និងមិនបានចេញជារូបរាងឡើងនោះ ទើបរាជរដ្ឋាភិបាលសម្រេច យកការងារនេះមកធ្វើវិញ ដោយប្រគល់ភារកិច្ចនេះ ជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំនិងរៀបចំ នៅក្នុងឆ្នាំ២០១៩»

លោកបានបន្ដថា ស្ថាប័ននេះមិនទាន់កើតចេញជារូបរាងផង ទើបតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ ពួកគេនាំគ្នាវាយតម្លៃ រារាំង និងរិះគន់ពីប្រសិទ្ធភាពការងារ របស់ស្ថាប័ននេះទៅហើយ ។ លោកថា ពួកគេមិនគួរណាបារម្ភពេកទេអំពីកូនដែលមិនទាន់កើតមកផងនោះ តែផ្ទុយទៅវិញ គួរតែបើក ចិត្តឱ្យទូលាយ ចូលរួម សហការ និងជួយជ្រោមជ្រែងឱ្យការបង្កើតស្ថាប័ននេះ សម្រេចបានជោគជ័យ និងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការ ពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធ ទើបមានប្រយោជន៍សម្រាប់សង្គមជាតិជាង។

លោកបានបន្ថែមថា សេចក្តីព្រាងដំបូង នៃច្បាប់នេះ បានប្រគល់ជូនទៅក្រុមអង្គការសង្គមស៊ីវីលទាំងអស់នេះ តាមរយៈការរិយាល័យឧត្តមស្នងការ សិទ្ធិមនុស្ស OHCHR ដើម្បីធ្វើការពិនិត្យនិងផ្តល់យោបល់មកវិញ តែផ្ទុយទៅវិញ ពួកគេមិនខ្ចីមើលនិងពិនិត្យផ្តល់យោបល់មកវិញទេ បែជាធ្វើការរិះគន់និងរារាំង ដល់ការបង្កើតស្ថាប័ននេះទៅវិញ។

លោកបានបញ្ជាក់ថា ការបង្ហាញក្តីបារម្ភរបស់ពួកគេ ពីគោលការណ៍ទីក្រុងប៉ារីស និងគោលការណ៍អន្តរជាតិ មួយចំនួនទៀតពាក់ព័ន្ធនឹងឯករាជ្យភាព ការចូលរួម និងអណត្តិការងាររបស់ស្ថាប័ននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាមិនបានមើលនិង អានសេចក្តីព្រាងដំបូងនៃច្បាប់នេះទេ ព្រោះគោលការណ៍ទាំងនេះបានដាក់ បញ្ចូលរួចអស់ទៅហើយនៅក្នុង សេចក្តីព្រាងដំបូងនៃច្បាប់នេះ។

ជាងនេះទៅទៀត អ្នកនាំពាក្យ ក៏បានលើកឡើងថា សម្រាប់ទស្សនវិស័យសិទ្ធិមនុស្ស របស់ក្រុមសង្គម ស៊ីវីល មួយក្តាប់តូចនេះ គឺទាល់តែគណបក្ស ដែលពួកគេគាំទ្រនិងជាសម្ព័ន្ធមិត្ត របស់ពួកគេបានឡើងកាន់អំណាច ទើបកម្ពុជាមានការគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ និងជាពេលសាកសម ក្នុងការបង្កើតស្ថាប័ននេះ ដែលនេះ បង្ហាញឱ្យឃើញ ច្បាស់ពីរបៀបវារៈនិងសកម្មភាព នយោបាយរបស់ពួកគេ ដោយជ្រកក្រោមផ្លាកអង្គការ សង្គមស៊ីវីលនៅកម្ពុជា ៕

To Top