នយោបាយ

អតីតយុវជន CNRP ៖ លោក សម រង្ស៊ី មិនអាចសម្រួបបម្រួល ជម្លោះផ្ទៃក្នុងអតីតបក្ស ដោយសារខ្វះភាព ជាអ្នកដឹកនាំ (Video)

ភ្នំពេញ ៖ ក្នុងនាមជាអ្នកធ្លាប់ រួមរស់ស្មោះស្ម័គ្រជាមួយ លោក សម រង្ស៊ី ក្នុងពេលលោកកំពុងដឹកនាំបក្ស មុនពេលរំលាយនោះ លោក យឹម ស៊ីណន ដែលជាអតីតយុវជន របស់អតីតបក្សសង្រ្គោះជាតិ (CNRP) ប្រចាំប្រទេសកូរ៉េខាងត្បូង បានថ្លែង អះអាងថា លោក សម រង្ស៊ី មិនអាចសម្របសម្រួល ជម្លោះផ្ទៃក្នុងរវាងអតីតមន្រ្តី ក្នុងបក្សបានទេ ។

លោក យឹម ស៊ីណន តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាថ្ងៃ២៥ សីហានេះ ដោយភ្ជាប់រូបភាពលោក សម រង្ស៊ី ដែលវិទ្យុវីអូអេ ផ្សាយចំណងជើងថា លោក សម រង្ស៊ី ប្រកាសសម្របសម្រួលជម្លោះផ្ទៃក្នុងបក្ស ដែលរួមរឹតដោយការវាយប្រហារគ្នានោះ លោកលើកឡើង “ក្នុងនាមអតីតសហការី ធ្លាប់ធ្វើការជាមួយគាត់ (លោក សម រង្ស៊ី) ខ្ញុំសង្កេតឃើញថា លោក សម រង្ស៊ី មានសឹងគ្រប់ចំណុច ខ្វះតែមួយចំណុចទេ នោះគឺ ភាពជាអ្នកដឹកនាំ Leadership របស់គាត់ខ្សោយពេក។ គួបផ្សំនឹងមនុស្សក្បែរខ្លួនគាត់ សំបូរ ទៅដោយមនុស្សខូចច្រើនទៀត ជាហេតុមិនអាចជួយឲ្យគាត់ ឲ្យជោគជ័យបានក្នុងជីវិតនយោបាយ” ។

លោកថា កុំនឹកស្មានថា អន្តរជាតិគេដាក់ភ្លែកសំឡឹងមើលតែសកម្មភាពបក្ស កាន់អំណាចឲ្យសោះ បក្សប្រឆាំងក៏អន្តរជាតិ (ពួកទូត)សង្កេត និងតាមដានមើលដែរថា មានសមត្ថភាព និងលទ្ធភាពប៉ុណ្ណា ក្នុងការគ្រប់គ្រងអំណាច និងការរក្សាឲ្យមានស្ថេរភាព និង សន្តិភាពនៃប្រទេស ។

ផ្ទាំងពាណិជ្ជកម្ម

ក្រោយការរំលាយបក្សបាត់ទៅ កាលពីឆ្នាំ២០១៧ ហើយកាត់សិទ្ធិធ្វើនយោបាយមន្រ្តីនៃអតីតបក្សប្រឆាំងទាំង១១៨រូប ហើយបន្តក៏មានអ្នកសុំសិទ្ធិធ្វើវិញ ហើយអ្នកខ្លះក៏អត់សុំនោះ ដោយអ្នកខ្លះ នៅខាងលោក សម រង្ស៊ី និងខ្លះទៀតនៅខាងលោក កឹម សុខានោះ ឃើញថា មន្រ្តីទាំងនោះបាន បើកការវាយប្រហារគ្នា ដោយពាក្យសំដី នៅក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាត ។

ដោយឃើញបែបនេះ លោក សម រង្ស៊ីក្នុងឱកាសជួបមន្រ្តីរបស់ខ្លួន នៅសហរដ្ឋអាមេរិក កាលពីថ្ងៃ២៣សីហា បានប្រកាសក្តែងៗថា នឹងសម្របសម្រួល បញ្ហាជម្លោះនេះឡើងវិញ ។ ដោយថ្លែងមិនចំឈ្មោះមន្រ្តី អតីតបក្សមានជម្លោះនោះ លោក សម រង្ស៊ីថ្លែងថា នឹងខិតខំសម្រួល បញ្ហាថ្នាំងថ្នាក់ ការអាក់អន់ចិត្ត ការប៉ះទង្គិចគ្នា និងការគុំគួននានាឲ្យមកត្រូវរ៉ូវគ្នាវិញ។

អ្វីដែលជាចំណុចសំខាន់ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា ជារឿយៗតែងតែវាយប្រហារទៅមនុស្សស្និតរបស់លោក សម រង្ស៊ីដូចជា លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និងលោក ហូរ វណ្ណជាដើម ទាក់ទងការបាត់លុយមូល និធិបង្កើតទូរទស្សន៍ ព្រះអាទិត្យជិត១លានដុល្លារ ៕

To Top
×