ព័ត៌មានជាតិ

ការស្តារប្រឡាយមេ ជាច្រើនខ្សែ នៅរាជធានីភ្នំពេញ នឹងបញ្ចប់ត្រឹមខែសីហានេះ

ភ្នំពេញ ៖ សកម្មភាពស្តារប្រឡាយមេ ជាច្រើនខ្សែក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរសាធារណការរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរដែនដី នឹងត្រូវបញ្ចប់ឲ្យអស់នៅបំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ ។

ប្រឡាយទឹកដែលក្រុមការងារបានអនុវត្តរួចរាល់ និងកំពុងអនុវត្តការងារស្តារនៅពេលនេះ រួមមាន៖ ប្រឡាយមេទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយ តាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានជិត១០០ភាគរយហើយ ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង ភូមិ សាស្ត្រ ខណ្ឌមានជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ ។

ប្រឡាយមេទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ដើម្បីបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា។ ប្រឡាយមេលូ៥ ជាប្រឡាយដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ ក្នុងការរំដោះទឹក ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ , ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះ ត្រូវបានបញ្ចប់ ១០០ភាគរយហើយ ។

ប្រឡាយមេស្ទឹងមានជ័យ ក្រុមការងារបាននឹងកំពុងស្ថាបនា ដោយការបុកស៊ីផាយ បេតុង ជញ្ជាំងប្រឡាយ មានប្រវែងជាង ១៥០០ម៉ែត្រ ទោះបីជាមិនទាន់រួចរាល់យ៉ាងណាក្តី តែប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ ។ ប្រឡាយមេម័ល នៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែង២៨១៥ម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន គ្រោងនឹងបញ្ចប់ នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះផងដែរ ។

ប្រឡាយមេពីរខ្សែ នៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រឡាយអូរលាវ ក្រុមការងារ បានស្តារ ដើម្បីបើកមុខទឹក អោយហូរទៅកាន់ បឹងទំនប់កប់ស្រូវ ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះជំនន់ទឹកភ្លៀង នៅប៉ែកខាងលិច រាជធានីភ្នំពេញ ពិសេសក្នុងទឹកដី នៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។ ការស្តារ ប្រឡាយមេបឹងទំពន់ ដែលមានប្រវែង ៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១ ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និង១ផ្នែកខ្លះ ក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។

ស្តារព្រែកអូរខ្សាច់ ប្រវែង ១៦,៧៩៩ម៉ែត្រ មាត់លើ ២៦ម៉ែត្រ បាតក្រោម ១៧ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង ២ ,០៤៩ម៉ែត្រ និងខណ្ឌកំបូល រាជធានីភ្នំពេញ ប្រវែង ១៤,៧៥០ម៉ែត្រ ។ ប្រឡាយនេះ មានតួនាទីរំដោះទឹកចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាម៉ោកតែម្ដង ។ ការស្ដារប្រឡាយមេបឹងហា ដែលមានប្រវែង ជាង២គីឡូម៉ែត្រ ចាប់ពីស្ពានថ្មផ្លូវព្រៃស ដល់ស្ថានីយ៍បូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តាររួចរាល់ ១០០ភាគរយហើយ និងការស្តារប្រឡាយមេបឹងត្របែក ចាប់ផ្ដើមការងារកាលពីថ្ងៃ១០ មីនា និងបានបញ្ចប់ពីថ្ងៃ៣១ មីនា៕

To Top