ព័ត៌មានជាតិ

ធនាគារពិភពលោក បញ្ឈប់ការផ្តល់ជំនួយទាំងអស់ ដល់ប្រទេសអាហ្វហ្គានីស្ថាន

បរទេស៖ អ្នកនាំពាក្យរបស់ធនាគារ ពិភពលោកបាននិយាយនៅថ្ងៃទី ២៥ ខែសីហាថា ធនាគារពិភពលោក បានបញ្ឈប់ជំនួយហិរញ្ញវត្ថុទាំងអស់ សម្រាប់គម្រោងទៅអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានឡើងកាន់អំណាច នៅក្នុងប្រទេសនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា «យើងបានផ្អាកការទូទាត់ នៅក្នុងប្រតិបត្តិការរបស់យើង នៅអាហ្វហ្គានីស្ថាន ហើយយើងកំពុងតាមដាន និងវាយតម្លៃយ៉ាងដិតដល់ នូវស្ថានភាពស្របតាម គោលនយោបាយ និងនីតិវិធីផ្ទៃក្នុងរបស់យើង។ នៅពេលយើងធ្វើដូច្នេះ យើងនឹងបន្តពិគ្រោះយោបល់ យ៉ាងជិតស្និទ្ធជាមួយ សហគមន៍អន្តរជាតិនិង ដៃគូអភិវឌ្ឍន៍»។ នេះបើតាមអ្នកនាំពាក្យ របស់ធនាគារពិភពលោក បានប្រាប់ទូរទស្សន៍ CNBC ។

ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ក៏ត្រូវបានបង្ហាញដោយ អង្គការនេះទាក់ទងនឹង “ផលប៉ះពាល់លើចក្ខុវិស័យ អភិវឌ្ឍន៍របស់ប្រទេស ជាពិសេសចំពោះស្ត្រី” ។ ធនាគារពិភពលោកបានវិនិយោគចំនួន ៥.៣ ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាម គេហទំព័ររបស់អង្គការនេះ។

ចំណាត់ការផ្អាកនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្ដរជាតិ បានចាប់ផ្តើមរារាំងការចូល ដំណើរការធនធានទាំងអស់ របស់អាហ្វហ្គានីស្ថាន។ នេះរួមបញ្ចូលទាំងទឹកប្រាក់ពិសេស (SDRs)ចំនួន ៤៤០ លានដុល្លារដែល អាហ្វហ្គានីស្ថានទទួលបានពី SDRs សរុបចំនួន ៦៥០ ពាន់លានដុល្លារ ដែលមូលនិធិបានបម្រុងទុកនៅថ្ងៃទី២៣ ខែសីហាដល់សមាជិករបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារការស្តារឡើងវិញ ក្រោយជំងឺរាតត្បាត ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top