Covid-19

លោក ឃួង ស្រេង៖ ទោះជំងឺកូវីដបន្តកើតមាន តែសកម្មភាពវិស័យសំណង់ មិនបានផ្អាកដំណើរការ (Video)

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានលើកឡើងថា វិស័យសំណង់ក្នុងភូមិសាស្រ្តភ្នំពេញ នៅតែដំណើរការជាធម្មតា គ្មានអ្វីមករាំងស្ទះទេ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តកើតឡើងក៏ដោយ ។

កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង បានបង្កើតឲ្យមានកិច្ចប្រជុំ អនឡាញ ជាមួយវិស័យឯកជន ពិសេសវិស័យសំណង់ ក្នុងគោលបំណងឲ្យវិស័យឯកជន ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ។

សព្វថ្ងៃវិស័យសំណង់ គឺជាវិស័យមួយដែលបាននិងកំពុងដំណើរការ យ៉ាងមមាញឹក នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ បានរីករាលដាលយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូតដល់រាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះ ។

លោកថា ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅដំណាក់កាលចុងក្រោយនេះ បានរីករាលដាលដល់ កម្មករសំណង់ កម្មករ កម្មការិនីរោងចក្រ តែដោយការខិតខំប្រឹងប្រែង របស់អាជ្ញាធរ សហការជាមួយ វិស័យឯកជនបានទប់ស្កាត់ មិនឲ្យរីករាលដាលធំឡើង។

អភិបាលរាជធានីភ្នំពេញបន្តទៀតថា “ការបង្កើតឲ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងតែមួយគត់ នោះគឺចង់ឲ្យវិស័យឯកជន ចូលរួមសហការជាមួយ អាជ្ញាធររាជធានីភ្នំពេញ បន្ថែមទៀតដើម្បីទប់ស្កាត់ ជំងឺដ៏កាចសាហាវនេះឲ្យបាន ។ នេះមានន័យថា បើទោះបីជំងឺកូវីដ-១៩ នៅតែកើតមាន តែសកម្មភាពការងារនានា លើវិស័យសំណង់ មិនត្រូវបានផ្អាកដំណើរការនោះទេ” ។

ក្នុងកិច្ចប្រជុំនោះដែរ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍ លំនៅដ្ឋានកម្ពុជា ក៏បានលើកឡើង ការចាក់វ៉ាក់សាំងជាមួយ និងការចូលរួមសហការពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ បានធ្វើឲ្យវិស័យឯកជន នៅតែដំណើរការទៅមុខ មិនអាក់ខានដោយសារកូវីដនោះទេ ។

ដើម្បីធានាបានសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ-និយោជិត ក្នុងវិស័យសំណង់ ព្រមទាំងនិរន្តរភាព ការងាររបស់ការដ្ឋាន កាលពីថ្ងៃទី២៧ កក្កដាកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរឹតបន្តឹងការ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ឲ្យបានម៉ឺងម៉ាតបំផុត៕

To Top