ព័ត៌មានជាតិ

អ្នកធាក់ស៊ីក្លូ៣០០នាក់ ទទួលអំណោយពីមូលនិធិត្រីចក្រយាន្តកម្ពុជា បន្ថែមពីលើប្រាក់ឧបត្ថមរាល់ខែ

ភ្នំពេញ ៖ អំណោយជាផ្លែមៀន មី ម៉ាស់ និងអាកុលឬជែល មួយចំនួនត្រូវបានលោក ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជា ចាត់ឲ្យលោក ម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិ ត្រីចក្រយានកម្ពុជា ប្រគល់ឲ្យអ្នកធាក់ស៊ីក្លូចំនួន៣០០នាក់ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១យកទៅប្រើប្រាស់ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ។

លោក ម៉េត មាសភក្តី បានឲ្យដឹងថា អ្នកធាក់ស៊ីក្លូទាំង៣០០នាក់នេះ ក្នុងម្នាក់ៗ ទទួលបានផ្លែមៀន ចំនួន២គីឡូក្រាម មី១កេស ម៉ាស់ចំនួន២ប្រអប់ និងអាកុលឬជែល២ដប ។

លោកបន្តថា អ្នកធាក់ស៊ីក្លូទាំង៣០០នាក់ តែងទទួលបានការយកចិត្តទុកដាក់ ជាប្រចាំពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា និងលោក ឃួង ស្រេង ។ ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោ និងលោកអភិបាលរាជធានីភ្នំពេញ អ្នកធាក់ស៊ីក្លូទាំងអស់តែងទទួលបានការឧបត្ថម្ភពីមូលនិធិ ក្នុងមួយថ្ងៃទទួលបានទឹកប្រាក់ចំនួន ៧០០០៛ស្មើនឹង២១ម៉ឺនក្នុងមួយខែ។

បន្ថែមពីលើនេះ មូលនិធិក៏តែងតែបានជួយឧបត្ថម្ភ ជាម៉ាស់ អាកុល ជែល និងសម្ភារៈមួយចំនួន ថែមទៀត ជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារទប់ស្កាត់ជំងឺនេះ ។ អ្នកធាក់ស៊ីក្លូ ក៏ទទួលបានប័ណ្ណក្រីក្រ ប ស ស សម្រាប់ការព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យនានា របស់រដ្ឋដោយមិនអស់លុយផងដែរ។

សូមបញ្ជាក់ថា ចំពោះថវិកាដែលត្រូវបើកជូនអ្នកធាក់ស៊ីក្លូទាំងអស់នេះ គឺបានរៀបចំផ្ញើតាមប្រព័ន្ធវីង ដើម្បីបង្កភាពងាយស្រួល ឲ្យពួកគាត់ក្នុងការបើកបានស្រួល ដោយក្នុង១០ថ្ងៃ ពួកគាត់អាចបើកបាន១ ដង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top