ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរ គ្រឿងញៀនជាង ២គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជាង ២ គីឡូក្រាម នៅរាជធានីភ្នំពេញ ។

ករណីបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្ត តាមបញ្ជានាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។

ជាក់ស្ដែងកាលពីថ្ងៃទី២៣ សីហា វេលាម៉ោង ៧:៣០នាទីយប់ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ មានការចូលរួមពីស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួល ដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផលឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ មិល ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យកបានរួមមាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ២គីឡូ និង០៥៤.២១ក្រាម។

ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

To Top