ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ៖ បើចង់ក្លាយខ្លួនជាអ្នកដឹកនាំបម្រើប្រទេសជាតិ ត្រូវមានបទពិសោធន៍ និងភាពក្លាហាន (Video)

ភ្នំពេញ ៖ ក្នុងពិធីធ្វើបាឋកថាលើប្រធានបទ «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សិក្ខាកាមថា បើចង់ក្លាយខ្លួនជាអ្នកដឹកនាំ ក្នុងការបម្រើប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព ត្រូវមានបទពិសោធន៍ច្រើន និងមានភាពក្លាហាន។

ក្នុងពិធីធ្វើបាឋកថា តាមប្រព័ន្ធវីដេអូ លើប្រធានបទស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គបណ្តុះបណ្តាលរបស់ សាលាភូមិន្ទរដ្ឋបាល ប្រមាណ១៥០រូប នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «បើយើងចង់ក្លាយខ្លួនជាអ្នកដឹកនាំ ក្នុងការបម្រើប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព យើងត្រូវមានបទពិសោធន៍ច្រើន ត្រូវមានភាពក្លាហាន ត្រូវខិតខំស្រូបយកចំណេះវិជ្ជាអំពីការងារផ្សេងៗគ្នា កុំឲ្យនៅមួយកន្លែង ជាពិសេស ត្រូវប្រែក្លាយខ្លួនឲ្យទៅជាអ្នកចេះដឹងទូទៅ (Generalist) កុំធ្វើត្រឹមតែជាអ្នកជំនាញ (Specialist) និងត្រូវយល់គ្រប់ចំណែកទាំងអស់នៃការងារ»។

លោកបានផ្តាំផ្ញើថា ជាថ្នាក់ដឹកនាំត្រូវចេះលើកទឹកដល់មន្ត្រីក្រោមឱវាទ មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ប៉ុន្តែថ្នាក់ដឹកនាំគួរតែទទួលយកខុសបានហើយ ទុកឲ្យមន្ត្រីក្រោមឱវាទជាអ្នកទទួលយកត្រូវ។ លោកបានរំលឹកអនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីថា មន្ត្រី គឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រទេ ត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព។

លោកបានបញ្ជាក់ទៀតថា «ក្នុងសង្គមយើងសព្វថ្ងៃនេះមានមនុស្សចំនួនបួនប្រភេទគឺ៖ អ្នកថា អ្នកធ្វើ អ្នកឈរមើល និងអ្នកទិតៀន ក្នុងចំណោមមនុស្សបួនប្រភេទនេះ ចូរកុំធ្វើខ្លួនជាអ្នកថា និងអ្នកឈរមើល គួរចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើន»។

ឆ្លៀតឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រី បានលើកឡើងនូវពាក្យស្លោកអប់រំថា «យើងមិនអាចរស់នៅលើកោះ ដែលសម្បូរទៅដោយទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយហ៊ុព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ»។ វាគឺជាការទទួលខុសត្រូវរបស់អ្នករាល់គ្នា ដែលយើងត្រូវធ្វើការជាមួយគ្នា ដើម្បីពង្រីកកោះដែលពោរ ពេញដោយទ្រព្យសម្បត្តិរបស់យើងឲ្យកាន់តែធំទៅៗ និងធ្វើឱ្យសមុទ្រនៃភាពក្រីក្រនេះកាន់តែរួមតូចទៅៗ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងមនុស្សជាតិរបស់យើង៕

To Top
×