ព័ត៌មានជាតិ

លោក ឃួង ស្រេង បញ្ជាអភិបាលខណ្ឌទាំង១៤ បង្ក្រាបការលួចបើកក្លឹបកម្សាន្ត ខារ៉ាអូខេ និងជួបជុំផឹកស៊ី (Video)

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ បង្ក្រាបចំពោះការលួចលាក់ បើកក្លឹបកម្សាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ឲ្យបាននូវ ការរីករាលដាលជំងឺកូវីដ-១៩ នឹងឈានទៅបើករាជធានីភ្នំពេញ និងប្រទេសជាតិជាធម្មតាឡើងវិញ ។

ក្នុងពិធីប្រកាសផ្ទេរ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ទៅកាន់តំណែងថ្មីជាអភិបាលខណ្ឌឬស្សីកែវ និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ត្រូវផ្ទេរមកកាន់តំណែង ជាអភិបាលខណ្ឌទួលគោកវិញ នៅព្រឹកថ្ងៃ២៧ សីហា លោកឃួង ស្រេង លើកឡើងថា មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួន បាននិងកំពុងលួចបើកក្លឹបកម្សាន្ត ខារ៉ាអូខេ ជួបជុំផឹកស៊ី ដូច្នេះស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់បាន។

អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា “យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការ លុបបំបាត់ឲ្យបាននូវ ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំលែងថ្មី ប្រភេទដែលតានេះ និងដើម្បីឈានទៅបើកឡើងវិញ នូវរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស” ។

ក្នុងនោះលោកក៏បានជំរុញឲ្យ អភិបាលខណ្ឌទាំងអស់ ល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើស និងទប់ស្កាត់បាននូវការជួបជុំ ការផឹកស៊ី ដែលបង្កឲ្យមានហានិភ័យខ្ពស់នៃ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕

To Top