ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បញ្ជាអភិបាលរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នកម្មឡើងវិញ អំពីចំនួនប្រជាជន​នៅមូលដ្ឋាន ដែលត្រូវចាក់វ៉ាក់សាំង កូវីដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាអភិបាលរាជធានី-ខេត្ត ត្រូវធ្វើបច្ចុប្បន្នកម្មឡើងវិញ ឱ្យបានច្បាស់លាស់ និងឆាប់រហ័ស អំពីចំនួនប្រជាជនជាក់ស្តែង នៅមូលដ្ឋាន ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងមូលដ្ឋាន។

យោងតាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «គណៈអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំធ្វើបច្ចុប្បន្នកម្មឡើងវិញ ឱ្យបានច្បាស់លាស់ និងឆាប់រហ័ស អំពីចំនួនប្រជាជនជាក់ស្តែង នៅមូលដ្ឋានដែលត្រូវចាក់វ៉ាក់សាំង កូវីដ-១៩ ជាពិសេស នៅកម្រិតថ្នាក់ឃុំ-សង្កាត់ និងញែកចេញចំនួនប្រជាជន ចំណាកស្រុក ដែលអាចទទួលការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីកន្លែងផ្សេង ដើម្បី មានមូលដ្ឋានច្បាស់លាស់ ក្នុងការកែសម្រួលផែនការ ចាក់វ៉ាក់សាំង ដោយផ្អែកតាមចំនួន ប្រជាជនជាក់ស្តែង នៅក្នុងមូលដ្ឋាន ក៏ដូចជាឈានទៅសម្រេច បិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅមូលដ្ឋាននោះ»។

សម្ដេចតេជោ បានបន្ដថា មុននឹងសម្រេចបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំង នៅមូលដ្ឋាននីមួយៗ និងចល័តទៅកាន់ទីកន្លែងផ្សេងទៀត ក្រុមការងារយុទ្ធនាការ ចាក់វ៉ាក់សាំង នៅតាមមូលដ្ឋាននីមួយៗ ត្រូវធ្វើការជូនដំណឹង ជាសាធារណៈ អំពីការត្រៀមបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ និងត្រូវសហការជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំង នៅទីតាំងមូលដ្ឋាននោះ។

សម្ដេចតេជោ បានបន្ថែមថា ទន្ទឹមនេះ បន្ទាប់ពីការបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋាននីមួយៗ និងដើម្បីធានាដល់ការអនុវត្ត គោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ឱ្យបានគ្រប់គ្នាជូន ដល់ប្រជាជនដែលមានលក្ខណៈសម្បត្តិ អាចចាក់វ៉ាក់សាំង បានគណៈកម្មការចំពោះកិច្ច​ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង គណៈអភិបាលរាជធានី-ខេត្ត ត្រូវសហការគ្នា កំណត់អំពីទីតាំងសម្រាប់ការផ្តល់ សេវាចាក់វ៉ាក់សាំងជូនដល់ ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែក ក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌលសុខភាព (ផ្អែកតាម ស្ថានភាពនៃភូមិសាស្ត្រ ជាក់ស្ដែងនីមួយៗ និងត្រូវជូនដំណឹងជាសាធារណៈ ដើម្បីអនុញ្ញាតឱ្យប្រជាជន ដែលមិនទាន់បានទទួលការ ចាក់វ៉ាក់សាំង អាចទៅទទួលការចាក់វ៉ាក់សាំងនេះ បាននៅតាមទីតាំងកំណត់នោះ៕

To Top