នយោបាយ

លោក មុត ចន្ថា ៖ លោក សម រង្ស៊ីប្រកាសចេញមុខផ្សះផ្សារជម្លោះ ផ្ទៃក្នុងអតីតបក្ស ជាការលាងសំអាតខ្លួនឯង ដែលបង្កើតបញ្ហាជិត៥ឆ្នាំ (Video)

ភ្នំពេញ ៖ លោក មុត ចន្ថា ដែលតែងតែជាអ្នកចេញមុខ វាយប្រហារលោក សម រង្ស៊ីដោយចំៗនោះ បានចេញមករិះគន់ចំពោះការអំពាវនាវរបស់លោក សម រង្ស៊ីជាថ្មីម្តងទៀតហើយ ក្រោយពីលោកបានបានស្នើទៅអ្នកគាំទ្រ ឲ្យបញ្ឈប់ការវាយប្រហារគ្នា ជាលក្ខណៈបុគ្គល ហើយងាកមកគិតពីប្រយោជន៍ដើម្បីពង្រឹងផ្ទៃក្នុងបក្ស ។ លោក មុត ចន្ថា ថា ការអំពាវនាវនេះ គឺជាការលាងសំអាតខ្លួនពីការទទួលខុសត្រូវ និងចង់ជួសជុលការខូចខាតដែលខ្លួនបានបង្កើតឡើង ក្នុងរយៈពេលជិត ៥ឆ្នាំមកនេះ ។

លោក សម រង្ស៊ីក្នុងឱកាសជួបមន្រ្តីរបស់ខ្លួន នៅសហរដ្ឋអាមេរិក កាលពីថ្ងៃ២៣សីហា បានប្រកាសក្តែងៗថា នឹងសម្របសម្រួល បញ្ហាជម្លោះនេះឡើងវិញ ។ ដោយថ្លែងមិនចំឈ្មោះមន្រ្តី អតីតបក្សមានជម្លោះនោះ លោក សម រង្ស៊ីថ្លែងថា នឹងខិតខំសម្រួល បញ្ហាថ្នាំងថ្នាក់ ការអាក់អន់ចិត្ត ការប៉ះទង្គិចគ្នា និងការគុំគួននានាឲ្យមកត្រូវរ៉ូវគ្នាវិញ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ៣០ សីហានេះ លោកមុត ចន្ថា ថ្លែងថា “ខ្ញុំយល់ថា ការអំពាវនាវរបស់លោក សម រង្ស៉ី គ្រាន់តែមានបំណងលាងសំអាតខ្លួនពីការទទួលខុសត្រូវ និងចង់ជួសជុលការខូចខាតដែលខ្លួនគាត់បានបង្កើតឡើង ក្នុងរយៈពេលជិត ៥ឆ្នាំមកនេះ។ ចេតនាពិតរបស់លោក សម រង្ស៉ី គឺទម្លាក់កំហុស និងការទទួលខុសត្រូវមកលើអ្នកគាំទ្រ ចំពោះការបែកបាក់ផ្ទៃក្នុង ដោយលើកហេតុផលថា បណ្តាលមកពីពួកគេ វាយប្រហារគ្នារឿងបុគ្គល” ។

លោកបន្តថា អ្វីដែលធ្វើឲ្យបែកបាក់កម្លាំងផ្ទែក្នុងអតីតគណបក្សសង្រ្គោះជាតិ គឺផ្តើមចេញពីលោក សម រង្ស៉ី តែម្តង។ បើសិនជាលោក សម រង្ស៉ី គោរពច្បាប់ផ្ទៃក្នុងបក្ស និងគោលការណ៍និងគោលនយោបាយរួម ប្រាកដជាបង្ហាញភាពជាគំរូដល់មន្រ្តីនិងអ្នកគាំទ្រគណបក្ស ប៉ុន្តែគាត់ខ្លួនឯងបានរំលោភបំពានច្បាប់កំពូលផ្ទៃក្នុងបក្សម្តងហើយម្តងទៀត ដែលបានបង្កើតលំអាននិងគំរូអាក្រក់ដល់ថ្នាក់ក្រោម។

លោក សម រង្ស៉ី បានលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ និងសមាជិកភាពទាំងអស់នៅក្នុងគណបក្ស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ គណៈកម្មាធិនាយកគណបក្សបានអនុម័តទទួលយកលិខិតលាលែងរបស់លោក សម រង្ស៉ី ជាផ្លូវការ ហើយក្រោយមកសមាជវិសាមញ្ញគណបក្សបានបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធានគណបក្ស នៅខែមីនា ឆ្នាំ២០១៧ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ។ នេះបើតាមលោក មុត ចន្ថា ដដែល។

លោកថា ប៉ុន្តែលោកនៅតែប្រើប្រាស់គណបក្សសង្គ្រោះជាតិជាឈ្នាន់ដើម្បីប្រិយភាពខ្លួនឯងដោយបានសាងកំហុសជាច្រើន។ លោក សម រង្ស៉ី បានផាត់សមាសភាពដឹកនាំនៃកូតាសិទ្ធិមនុស្សចេញពីការធ្វើសេចក្តីសម្រេចចិត្ត និងកិច្ចប្រតិបត្តិការរបស់អតីតគណបក្សសង្រ្គោះជាតិទាំងអស់ ដែលបានបណ្តាលឲ្យមានការបែកបាក់កាន់តែធ្ងន់ធ្ងរ និងបានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរួមត្រូវបានបញ្ចប់។

លោកសង្កត់ធ្ងន់ថា ដោយសារលោក សម រង្ស៉ី ជាមេចលនាសង្រ្គោះជាតិដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកក្រុមឧទ្ទាមក្រៅច្បាប់ និងដោយសារគាត់ត្រូវបានកាត់ទោសជាច្រើនបទល្មើស បានបង្ខំឲ្យសហគមន៍អន្តរជាតិដកខ្លួនឆ្ងាយ។

លោកថា “ខ្ញុំយល់ថា លោក សម រង្ស៉ី គួរតែមើលឃើញកំហុសដឹកនាំរបស់គាត់ច្បាស់ ហើយគាត់មិនគួរបង្វែរនិងទម្លាក់កំហុសឲ្យអ្នកគាំទ្រទទួលខុសត្រូវចំពោះការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរដែលទំនងមិនអាចមានអ្វីមកបិទភ្ជិតបានឡើយ។ តាមអង្គហេតុពិតខាងលើទាំងនេះ គឺលោក សម រង្ស៉ី ត្រូវទទួលខុសត្រូវទាំងស្រុងលើការបែកបាក់នេះ”៕

To Top