ព័ត៌មានជាតិ

MOU រវាងក្រសួង ពាណិជ្ជកម្ម និងធនាគារវីង ធ្វើឡើងក្នុង វេលាសាកសមបំផុត ខណៈវីង ដើរតួសំខាន់ ទូទាត់ប្រាក់ លើផ្សារ ខេមបូឌាត្រេដ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារឯកទេសវីង របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាជាផ្លូវការ នៃអនុស្សរណៈ នៃកាយោគយល់គ្នា (MOU) ស្តីពី ការប្រើប្រាស់ សេវាកម្មទូទាត់ ប្រាក់តាម ប្រព័ន្ធអេឡិចត្រូនិក សម្រាប់ទូទាត់ ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (CambodiaTrad) ដែលត្រូវបាន លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ចាត់ទុកថា ធ្វើឡើងក្នុង ពេលវេលា ដ៏សាកសមបំផុត ខណៈធនាគារវីង នឹងដើរតួយ៉ាង សំខាន់ ក្នុងការផ្តល់សេវាកម្ម ទូទាត់ប្រាក់ រវាងអ្នកទិញ និងអ្នកលក់ ក្នុងការប្រើប្រាស់ លើផ្សារ ខេមបូឌាត្រេដ ។

លោក ប៉ាន សូរស័ក្កិ ក្នុងពិធីចុះ MOU ដែលធ្វើឡើងនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មានប្រសាសន៍ថា ក្រសួងបានទទួលជំនួយហិរញ្ញវត្ថុពីកម្មវិធីពង្រឹង ក្របខណ្ឌសមាហរណកម្ម ពីទីក្រុងស៊ឺណែល សម្រាប់អនុវត្តគម្រោងពាណិជ្ជកម្ម តាមប្រពន្ធអេឡិចត្រូនិក ។
គម្រោងនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង បង្កើនឱកាសភារកិច្ចដល់សហគ្រាសខ្នាតតូចនិងមធ្យម ជាពិសេសឲ្យពួកគាត់ទទួល បានផលប្រយោជន៍ ជាក់ស្តែងពីការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ច ឌីជីថល ដោយសហគ្រាសធន់ នេះមានចំនួន ៩៩% នៃចំនួនសហគ្រាសសរុប និងបង្កើតការងារ ប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប ។

រដ្ឋមន្ត្រីបន្តថា “ដើម្បីសម្រេច បានបំណងនេះ ក្រសួងពាណិជ្ជកម្ម បានបង្កើត ផ្សារខេមបូឌាត្រេដ (CambodiaTrad) ដែលផ្តល់ឱកាស ដល់សហគ្រាស ធុនតូច និងមធ្យម លក់ ផលិតផលខ្មែរ ដែលមាន សក្កានុពល សម្រាប់លក់ក្នុងស្រុក និងនាំចេញ ទៅទីផ្សារក្រៅប្រទេស ដាក់តាំងលក់ ទំនិញ របស់គាត់ នៅក្នុងទីផ្សារមួយដ៏ទូលំទូលាយ និងមិនមានព្រំដែនដែលយើងទាំងអស់គ្នា ហៅថា ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដល់អតិថិជនក្នុងស្រុក និងអន្តរជាតិ និងដៃគូពាណិជ្ជកម្មផ្សេងៗទៀត តាមបែបអាជីវកម្ម ទៅអាជីវកម្ម និងអាជីវកម្មទៅអ្នកប្រើប្រាស់” ។

លោក ប៉ាន សូរស័ក្កិ គូសបញ្ជាក់ថា ដោយមើលឃើញការវិវឌ្ឍនេះ ក្រសួងបានបង្កើត ផ្សារខេមបូឌាត្រេដ ដើម្បីប្រែក្លាយកាលានុវត្តភាពឲ្យទៅជាការពិត សម្រាប់សហគ្រាសធុនតូច និងមធ្យម ។ គោលដៅគំនិតផ្តួចផ្តើមនេះ ដើម្បីផ្តល់ឱកាស និងលើកកម្ពស់ការ ចូលរួមរបស់សហគ្រិន សហគ្រាធុនតូចនិងមធ្យម ។

លោករដ្ឋមន្ត្រី បានឲ្យដឹងបន្ថែមថា ក្រសួងក៏ត្រូវការ ការចូលរួមភាគី ផ្តល់សេវា ភស្តុភារកម្ម និងភាគីផ្តល់សេវាទូទាត់ប្រាក់ឌីជីថល ដែលទាមទាឲ្យមានការតភ្ជាប់ កិច្ចសហការពេញលេញ ពីភាគីទាំងនេះ ជាមួយផ្សារ ខេមបូឌាត្រេដ ដើម្បីបង្កើតថ្នាល បច្ចេកវិទ្យាមួយ មានលក្ខណៈ សមាហរណកម្មពេញលេញ ។

លោកថា “ពិធី MOU នៅពេលនេះ ត្រូវបានរៀបចំឡើងនៅក្នុងវេលាដ៏សាកសមបំផុត ។ ធនាគារវីង នឹងដើរតួ និងសំខាន់ ក្នុងការផ្តល់សេវាកម្មទូទាត់ប្រាក់ រវាងអ្នកទិញនិងអ្នកលក់ ការប្រើប្រាស់ផ្សារខេមបូឌាត្រេដ (CambodiaTrad) ។ ក្រសួងពាណិជ្ជកម្ម និងធនាគារវីងបានធ្វើសហប្រតិបត្តិការ រួមគ្នាបន្តថែមទៀត ដូចជាការផ្សព្វផ្សាយ ឲ្យទូលំទូលាយ ពីការប្រើប្រាស់ ផ្សារខេមបូឌាត្រេដ និងការរៀបចំវគ្គបណ្តុះ ផ្នែកបច្ចេកវិទ្យា ហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពខ្ពស់” ។

ក្នុងឱកាសនោះ អ្នក ឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ដែរថា “ជាការពិត វីង បានដំណើរការ១៣ឆ្នាំ រួចមកហើយ ។ នៅពេលនោះ លំបាកយ៉ាប់មែនទែន ទិសដៅទៅ Bank ឬ Unbank ទៅប្រជាពលរដ្ឋ និងប្រជាជនខ្មែរ គ្រប់ៗរូប ហើយប្រសិនបើយើងគិតមើល១៣ឆ្នាំ ថយក្រោយ នៅពេលនោះ កម្ពុជាយើង កំពុងតែកាវិវត្ត និងអភិវឌ្ឍន៍ មិនទាន់បានធំធេងទេ។ នៅពេលនេះ វីងបានធ្វើឲ្យប្រជាជន ជាពិសេស SME និងកម្មករ ក្នុងស្រុក និងក្រៅស្រុកមានលទ្ធភាពផ្ញើប្រាក់ មកច្រើនតាមរយៈវីងនេះ ជាពិសេស នៅប្រទេសកូរ៉េ និងប្រទេសថៃ ហើយនិងប្រទេសម៉ាឡេស៊ី” ។

អ្នកកញ៉ា គិត ម៉េង សង្កត់ធ្ងន់ថា វីងបានដំណើរការមកដល់ពេលនេះ ដោយសារមានគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសពលរដ្ឋ នៅទូទាំងប្រទេស ។ បច្ចុប្បន្ន វីង មានអតិថិជន ប្រើប្រាស់១២លាននាក់ ។ លោកជឿជាក់ គំនិតផ្តួចផ្តើមផ្សារ CambodiaTrad ជាដំណើរការស្រប តាមទីផ្សារយុគសម័យថ្មី ដែលគេហៅថាឌីជីថល ៤.០នេះ ដើម្បីទាន់សភាពការណ៍ ចំពោះប្រទេសអាស៊ាន និងសកលលោក ។

សម្រាប់ព័ត៌មាន លម្ពិតនានា អំពីផ្សារ ខេមបូឌាត្រេដ(CambodiaTrad ) របស់ក្រសួងពាណិជ្ជកម្ម សូមចូលទៅកាន់ គេហទំព័រ http://cambodiatrade.com/ ឬបណ្តាញសង្គមហ្វេសប៊ុក https://www.facebook.com/cambodiatrade.co៕

To Top