ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ : កម្លាំងនគរបាល ទាំងអស់ត្រូវពង្រឹងកិច្ចការពារសន្តិសុខសង្គម និង ទប់ស្កាត់បទល្មើសឆ្លងដែន ខុសច្បាប់

បន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១ នេះនៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែ ឆ្នាំ២០២១ នឹងដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការរង លោកអធិការក្រុង ស្រុក ទាំង ៩ និង លោកមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោក ទាំង ៤ វរៈ ៩១១-៨៩១- ៨០៧- ៨១៥ ផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ មានប្រសាសន៍បូកសរុប និងវាយតម្លៃលទ្ធផលការងាររយៈពេល ៩ ខែកន្លងមក ក៏បានលើកសរសើរដល់គ្រប់អង្គភាពទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបំពេញការងាររបស់ខ្លួនបានជោគជ័យ ជាបន្តបន្ទាប់។ ចំពោះកិច្ចការមួយចំនួនដែលបំពេញហើយតែមិនទាន់បានល្អនិងមិនទាន់ពេលវេលា លោកក៏បានផ្ដល់អនុសាសន៍កែតម្រូវ ចែករំលែកបទពិសោធន៍ដើម្បីស្ថាបនាផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងនិងអនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ។ ពិសេសគឺ១-ត្រូវពង្រឹងការងារភូមិឃុំមានសុវត្ថិភាព ២-ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ៣-ទប់ស្កាត់បទល្មើសជួញដូរផ្លូវភេទលើស្ត្រីនិងកុមារ ៤-បង្ក្រាបរាល់ល្មើសជួញដូរគ្រឿងញៀន ៥-បង្ក្រាបរាល់ក្មេងទំនើងនឹងក្រុមម៉ូតូស៊ីម៉ាំងប្រែន ៦-ទប់ស្កាត់ការធ្វើបដិវត្តន៍និងការប្រឆាំងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ៧-ត្រូវធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ៨-ត្រូវគ្រប់គ្រងអោយបានរាល់ចំណូលស្រុក និងចំណាកស្រុក តាមមូលដ្ឋានដើម្បីទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩៕

To Top