ព័ត៌មានជាតិ

កម្ពុជា បញ្ជាទិញវ៉ាក់សាំង ៥លានដូសបន្ថែម នឹងមកដល់នៅខែកញ្ញា ដើម្បីចាក់ដូសជំរុញ (Video)

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ជា ទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀត ដែលនឹងមកដល់កម្ពុជា នៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ ។

ការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាលនេះ ខណៈវ៉ាក់សាំងស៊ីណូវ៉ាក់២លានដូស ដែលរាជរដ្ឋាភិបាល បញ្ជាទិញពីក្រុមហ៊ុន ស៊ីណូវ៉ាក់សាំង បានដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃ៣១ សីហានេះ ដែលធ្វើឲ្យរាជរដ្ឋាភិបាល មានវ៉ាក់សាំងក្នុង ដៃសរុប២៧លានដូស ។

លោក ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃ៣១ សីហា ខណៈទទួលវ៉ាក់សាំង នៅព្រលាន យន្តអន្តរជាតិភ្នំពេញថា ការវ៉ាក់សាំងនៅកម្ពុជា មានភាពលឿន ជាងបណ្តាប្រទេសផ្សេងៗ ។ រាជរដ្ឋាភិបាលបានកំណត់ឲ្យរដ្ឋមន្ត្រីក្រសួងអប់រំពិនិត្យមើលទីតាំងណាដែលបានចាក់វាក់សាំងការពារជំងឺកូវីដ១៩បានចំនួន១០០ភាគរយ ហើយគ្មានករណីឆ្លងត្រូវអនុញ្ញាតឲ្យបើកដំណើការសាលារៀនឡើងវិញ។

លោកស្រីថា ចំពោះវ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញនេះ នឹងត្រូវចាក់ ជូនក្រុមមន្ត្រីជួរមុខ ដែលធ្វើការជាមួយ អ្នកឆ្លងជំងឺកូវីដ ដូចជាក្រុមមន្ត្រីសុខាភិបាល អាជ្ញាធរ សមត្ថកិច្ច ជាពិសេសនៅតំបន់ ព្រំដែនទីក្រុង និងកន្លែង ទីប្រជុំជនជាដើម ។

លោកស្រីក៏បានអះអាងថា ជាគោលការណ៍រាជរដ្ឋាភិបាលនឹងបន្តចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាជនទាំងអស់ដែលក្នុងនោះមានចំនួន១០លានជាគោលសិន ។ ក្នុងករណីមានភាពស៊ាំក្នុងការចាក់វ៉ាក់សាំងហើយ រាជរដ្ឋាភិបាលនឹងធ្វើការចាក់ដូសជំរុញដល់ប្រជាជន យ៉ាងតិចជាង១២លាននាក់ ។

ជាមួយគ្នានោះដែរ លោកស្រីក៏បានអះអាង ថា ពេលនេះក្រុមការងារ ជំនាញរបស់ក្រសួង កំពុងសិក្សាជា មួយអង្គការដៃគូនានា ដូចជាអង្គការ សុខភាពពិភពលោក ក្រុមវ៉ាក់សាំងមួយចំនួនទៀត ដើម្បីពិនិត្យពីការចាក់វ៉ាក់សាំង ជូនកុមារក្រោមអាយុ១២ ឬចាក់ដូសជំរុញដល់កុមារដែលបានចាក់វ៉ាក់សាំងរួច ទាំងដូសទី១ និងទី២ ផងដែរ៕ សំណាង

To Top