ព័ត៌មានជាតិ

គ្រាន់តែមួយថ្ងៃសោះ ចាប់បានអាល់កុលក្លែងក្លាយជិត៣ម៉ឺនលីត្រ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានចុះប្រតិបត្តិការ ត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានចាប់បានអាល់កុលក្លែងក្លាយជិត៣ម៉ឺនលីត្រ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានបញ្ជាក់ថា បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១ ១៨៦.៥០លីត្រ ដែលបានដាក់តាំងលក់ នៅតាមបណ្តាឱសថស្ថាន និងផ្ទះលក់ទំនិញនានា។ បន្ទាប់ពីបានរកឃើញការចរាចរណ៍ អាល់កុលក្លែងក្លាយទាំងនេះ មន្រ្តីជំនាញបានធ្វើការស្រាវជ្រាវ រកប្រភពផ្គត់ផ្គង់ និងឈានទៅកំណត់ទីតាំងឃ្លាំងស្តុក និងចែកចាយមួយកន្លែង ដែលស្ថិតនៅសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយទទួលបានកិច្ចសហការ ពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទទួលផែនសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ មន្រ្តីជំនាញបានចុះត្រួតពិនិត្យ ទីតាំងស្តុកខាងលើ ដោយបានរកឃើញ អាល់កុលក្លែងក្លាយឬមេតាណុលចំនួន ៧៥៦ប៊ីដុង និង៧៩១យួរ ស្មើនឹង ២៧ ៤២៦ លីត្រ បន្ថែមទៀត។

សរុបអាល់កុលក្លែងក្លាយ ដែលបង្ក្រាបបានចំនួន២៨ ៦១២.៥០លីត្រ មានទម្ងន់ប្រមាណជាង ២៨តោន ។ បច្ចុប្បន្ន អាល់កុលក្លែងក្លាយនេះ ត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត ៕

To Top