ព័ត៌មានជាតិ

សត្វត្មាត ជាបក្សីកម្រជិតផុតពូជនៅកម្ពុជា ដោយសារបាត់ទីជម្រក ខ្វះចំណីអាហារ និងបំពុលជាដើម

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វត្មាត ជាបក្សីកម្រ និងជិតផុតពូជនៅកម្ពុជា ហើយកំពុងទទួលរងគ្រោះ ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងបំពុល ជាដើម ដូច្នេះ ត្រូវរួបរួមគ្នាការពារសត្វត្មាតទាំងអស់គ្នា។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតបីប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាត ជាប្រភេទបក្សីកម្រ និងជិតផុតពូជ ក្នុងប្រទេសកម្ពុជា។ សត្វត្មាតទាំងបីប្រភេទនេះកំពុងទទួលរងគ្រោះ ថ្នាក់ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ ការបំពុល ជាដើម។ រួមគ្នាការពារសត្វត្មាត ដោយមិនបរិភោគសាច់សត្វព្រៃ និងមិនប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ»។

ក្រសួងបរិស្ថាន បានរៀបរាប់ថា ត្មាតត្នោត (Slender-billed Vulture) មានកម្ពស់ពី៨១ ទៅ១០៣ សង់ទីម៉ែត្រ ដងខ្លួនពណ៌ខ្សាច់ ក្បាលនិងកវែងខ្មៅ មានរោមក និងចុងខ្នងពណ៌ស ពេលហើរស្លាបមានពណ៌ខ្មៅ។ រស់នៅតំបន់ព្រៃល្បោះនៃភាគឧត្តរ នៃផ្ទៃប្រទេសកម្ពុជា។ រស់នៅជាហ្វូងដោយស៊ីសាកសពជាអាហារ ហើយចាប់ពីខែតុលា ដល់ខែឧសភា ក្នុងមួយរដូវមានពង ចំនួន១។

ដោយឡែក ត្មាតភ្លើង (Red-headed Vulture) មានកម្ពស់ពី៧៦ ទៅ៨៦សង់ទីម៉ែត្រ ដងខ្លួនពណ៌ខ្មៅ ក្បាល និងជើងក្រហម ភ្លៅមានរោមពណ៌ស និងមានឆ្នូតសតាមបណ្ដោយកណ្ដាលស្លាបផ្នែកខាងក្រោម។ ញីមានភ្នែកពណ៌ខ្មៅ ឈ្មោលមានភ្នែកពណ៌លឿង។ នៅតំបន់វាលព្រៃល្បោះដែលមានអូរ ដោយរស់នៅក្នុងព្រៃស៊ីសាក សពជាអាហារ ហើយចាប់ពីខែតុលា ដល់ ខែឧសភា ក្នុងមួយរដូវមានពងចំនួន១ ។

ត្មាតផេះ ( White-rumped Vulture) មានកម្ពស់ពី ៧៥ ទៅ ៨៥ សង់ទីម៉ែត្រ សត្វពេញវ័យ មានចុងខ្នង រោម ក និងផ្នែកក្រោម ស្លាបពណ៌ស ក្បាល ក ពណ៌ប្រផេះ ដងខ្លួនមានពណ៌ខ្មៅ។ នៅតំបន់ព្រៃលំហ និងតាមជ្រលងភ្នំ។ រស់នៅជាហ្វូងដោយស៊ីសាកសពជាអាហារ។ ចាប់ពីខែ តុលា ដល់ ខែឧសភា ក្នុងមួយរដូវាមានពងចំនួន១៕

To Top