ព័ត៌មានជាតិ

មេបញ្ជាការយោធភូមិភាគទី៥ បញ្ជាឲ្យទប់ស្កាត់ នាំចូលរថយន្តចង្កូតស្តាំ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្តាំ មកកម្ពុជានៅតាមច្រករបៀង តាមបន្ទាត់ព្រំដែន ។

លិខិតរបស់លោកឧត្តមសេនីយ៍សង្កត់ធ្ងន់ថា “គ្រប់បណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបណ្តោយព្រំដែន ត្រូវសហការជាមួយបណ្តាកងឯកភាព និងបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធ ទប់ស្កាត់ឲ្យបានដាច់ខាត នូវការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀង នៅតាមខ្សែបណ្តោយព្រំដែន” ។

លិខិតបន្តថា ក្នុងករណីមានយោធិនណាឃុតបឃិតលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្តោយព្រំដែន ល្មើសនឹងបទបញ្ជានេះ មេបញ្ជាការកងឯកភាពនោះនឹងត្រូវប្រឈមចំពោះមុខច្បាប់។ ក្នុងនោះមេបញ្ជាការប្រចាំទិសទី១ ទី២ ទី៣ (ប៉ៃលិន-សំឡូត)និងទី៤ ត្រូវផ្សព្វផ្សាយបទបញ្ជានេះ ដល់មេបញ្ជាការគ្រប់កងឯកភាព ស្ថិតនៅក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនឲ្យបានឆាប់បំផុត ។


សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានហាមមិនឲ្យមានការនាំចូលរថយន្តចង្កូតស្តាំទៀតនោះឡើយ ៕

To Top