ព័ត៌មានជាតិ

កម្ពុជាទទួលផលប្រយោជន៍ ជាច្រើនពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជាកំពុងទទួល ផលប្រយោជន៍ជាច្រើនពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដែលរួមចំណែកអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ដូចជា ៖ វិស័យដឹកជញ្ជូន ស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ ជាដើម។

ក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ លើកទី៦ (The 6th Belt and Road Summit) ឆ្នាំ២០២១ ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី» តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន និងកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ ជាពិសេស ការធានាឱ្យបាននូវលំហូរនៃទំនិញចាំបាច់ សំភារៈបរិក្ខារសុខាភិបាល និងស្បៀងអាហារ។

លោកក៏បានលើកឡើងពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាង កម្ពុជា-ចិន និងរវាង កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនទៀត ក្រោមក្របខ័ណ្ឌអាស៊ាន ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកិច្ចព្រមព្រៀងទាំងនេះ នឹងជួយកាត់ បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ សម្រាប់ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវា ដែលនឹងលើក កម្ពស់បរិស្ថានសម្រាប់ការវិនិយោគ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងតំបន់។

លោកបានបញ្ជាក់ថា «សារៈសំខាន់ នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេស ការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១២ (MC12) នាពេលខាងមុខផងដែរ។ ជាមួយគ្នានេះ កម្ពុជាក៏បាន និងកំពុងទទួលបានផលប្រយោជន៍ជាច្រើនពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលចូលរួម ចំណែកក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ជាពិសេសរចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន រួមមានស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងទន្លេ ជាដើម»។

លោកបានបន្ដថា ការអភិវឌ្ឍទាំងនេះនឹងឈានទៅដល់ ការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងការលុបបំបាត់ភាពក្រីក្រ៕

To Top