ព័ត៌មានជាតិ

អ៊ីស្រាអែល ជំទាស់ផែនការលោក បៃដិន ដំណើរការបេសកកម្មអាមេរិក នៅទីក្រុងយេរូសាឡឹមឡើងវិញ

បរទេស៖ ប្រទេសអ៊ីស្រាអែល នៅពេលថ្មីៗនេះ បាននិយាយថា ផែនការអាមេរិកបើកដំណើរការឡើងវិញ នូវកុងស៊ុលរបស់ខ្លួន នៅក្នុងទីក្រុងយេរូសាឡឹម ដែលពីមុនធ្លាប់ជាមូលដ្ឋានមួយសម្រាប់ភ្ជាប់ការទូតទៅពួកប៉ាឡេស្ទីននោះ គឺជាគំនិតដ៏អាក្រក់មួយ ហើយអាចបង្កអស្ថិរភាពដល់រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី Naftali Bennett។


រដ្ឋបាលពីមុនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញនូវការគាំទ្រចំពោះការអះអាងកម្មសិទ្ធិរបស់អ៊ីស្រាអែល យកទីក្រុងយេរូសាឡឹមជារដ្ឋធានី តាមរយៈការប្តូរទីតាំងស្ថានទូតអាមេរិក ចេញពីទីក្រុងតេលអាវីវ មកកាន់ទីនោះ។


នៅពេលត្រូវគេសួរអំពីការបើកដំណើរការឡើងវិញនោះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បាននិយាយប្រាប់សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “យើងគិតថា វាជាគំនិតដ៏អាក្រក់មួយ។ ទីក្រុងយេរូសាឡឹម គឺជារដ្ឋធានីអធិបតេយ្យភាពរបស់អ៊ីស្រាអែល និងប្រទេសអ៊ីស្រាអែលតែមួយ ដូច្នោះហើយយើងមិនគិតថា វាជាគំនិតដ៏ល្អនោះទេ”។


គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នាពេលថ្មីនេះ បានប្តេជ្ញាសា្តរឡើងវិញ នូវចំណងមិត្តភាពជាមួយពួកប៉ាឡេស្ទីន គាំទ្រដល់ដំណោះស្រាយរដ្ឋពីរ និងធ្វើចំណាត់ការឆ្ពោះទៅរកការបើកដំណើរការឡើងវិញ នូវស្ថានកុងស៊ុល ដែលបានបិទចាប់តាំងពីឆ្នាំ២០១៩មក ដោយកិច្ចការប៉ាឡេស្ទីន ត្រូវបានគ្រប់គ្រងដោយស្ថានទូត៕


ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top