ព័ត៌មានជាតិ

លោក មុត ចន្ថា ៖ រដ្ឋាភិបាល រក្សាបឹង ១.០០០ ហិកតា នៅល្វាឯម ជាការសម្រេច ត្រឹមត្រូវ ដើម្បីប្រយោជន៍ សាធារណៈ និង មនុស្ស ជំនាន់ក្រោយ (Video)

ភ្នំពេញ ៖មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានគាំទ្រចំណាត់ការរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចិត្តរក្សា ផ្ទៃបឹងចំនួន ១.០០០ហិកតា នៅស្រុកល្វាឯម ខេត្តកណ្តាល ។ ការសម្រេចរក្សាទុក នេះ ជាការអភិរក្សបឹងធម្មជាតិ ដើម្បីឧត្តមប្រយោជន៍សាធារណៈ ជាពិសេស ទុកឲ្យកូនចៅជំនាន់ក្រោយ។

លោកបានលើកឡើងក្នុង បណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២ កញ្ញាថា “នេះជាការសម្រេច ដ៏ត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ សាធារណៈ និងសម្រាប់ មនុស្សជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីបឹងធម្មជាតិ”។

លោកបង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា រាជរដ្ឋាភិបាល នឹងបន្តថែរក្សា និងអភិរក្សបឹងធម្មជាតិដទៃទៀត ។

យោងតាមលិខិតរបស់គណៈរដ្ឋមន្រ្តីចេញកាលពីថ្ងៃ២៧ សីហា ហើយផ្សាយ ជាសាធារណៈ កាលពីថ្ងៃ២ កញ្ញានោះ គឺរាជរដ្ឋាភិបាលកម្ពុជា បានទាត់ចោលនូវសំណើទិញដី បឹងដែលមាន ទំហំ១.០០០ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណប បែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top