ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរសុខទុក្ខកងកម្លាំង និង ប្រគល់អំណោយ ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងអង្គភាព។

ទន្ទឹមជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ជំនួសមុខ ឱ្យកងកម្លាំងកងរាជអាវុធហត្ថក្រោមឱវាទទាំងអស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែង នូវសេចក្តីសោមនស្សរីករាយជាអនេក ដែលទទួលបានកិត្តិយសដ៏ឧត្តុង្គឧត្តមពីសំណាក់ លោក ហ៊ុន ម៉ានី, លោក សាយ សំអាល់ ព្រមទាំង លោក លោកស្រី គណប្រតិភូអមដំណើរ ទាំងអស់ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកសួរសុខទុក្ខ ដល់កងកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់ ថែមទាំងនាំយកមកនូវអំណោយ ជាសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ជាច្រើនមុខ រួមមាន អង្ករចំនួន ១២តោនកន្លះ ត្រីខកំប៉ុង ១៣៧កេស អាវភ្លៀង៨០០អាវ កូកាកូឡា២០០កេស ទឹកថ្នាំសម្លាប់ មេរោគ០២ធុងធំ វីតាមីនសេ ០៥កេស និងថវិកា ៣០០០ដុល្លារ ផ្តល់ជូនដល់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ផងដែរ។ នេះពុំមែនជាលើកទី១ទេ កន្លង អាវុធហត្ថរាជធានីភ្នំពេញ តែងបាន ទទួលការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី និង លោកជំទាវ ព្រមទាំងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនលើកច្រើនសារមកហើយ។

ថ្លែងក្នុងឱកាសនេះផងដែរលោក ហ៊ុន ម៉ានី បានលើកឡើងថា វត្តមានរបស់ឯកឧត្តម និងសហការី ក្នុងថ្ងៃនេះ គឺចេញមកពីការចង់ចូលរួមមួយផ្នែកណាមួយដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការ តាមរយៈការឧបត្ថម្ភជាស្បៀងមួយចំនួនផ្គត់ផ្គង់ដល់ការប្រើប្រាស់ និងចង់បង្ហាញពីការថ្លែងអំណរគុណ ជូនទៅដល់កងកម្លាំងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងតាមបណ្តាខណ្ឌនីមួយៗ ចំពោះការលះបង់ និងការខំប្រឹងប្រែង ដោយមិនមានពេលវេលាសម្រាប់ក្រុមគ្រួសាររបស់ខ្លួន មិនថាក្នុងដំណាក់កាលមុនកូវីដ-១៩ ឬក្នុងអំឡុងកូវីដ-១៩ និង ឆ្ពោះទៅខាងមុខ ក្នុងបរិបទក្រោយកូវីដ-១៩ ដែលត្រូវរៀនរស់ជាមួយកូវីដ-១៩។ ជាពិសេសសូមកោតសរសើរ នូវការទប់ស្កាត់ ការចលាចលនៅក្នុងចន្លោះឆ្នាំ ២០១៣និង២០១៤, ការចូលរួម ការពារនិងថែររក្សាសុខសន្តិភាព ស្ថេរភាពសង្គម ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងការកសាងអភិវឌ្ឍន៍រៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយទៅតាមកាលៈទេសៈតម្រូវ នៅក្នុងអង្គភាព ក៏ដូចជាការរៀបចំរបៀបរបប រស់នៅនិងអនុវត្តការងារ ជាទម្លាប់ថ្មី ដើម្បីធានាថាមិនឆ្លងជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ជាក់ស្តែង និងគោលការណ៍ របស់ក្រសួងសុខាភិបាល

ក្រៅពីនេះទៅទៀតលោក កត់សម្គាល់ឃើញថា កងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្នស្រ៊ាង គឺតែងតែស្របទៅតាមបរិបទសង្គមជាបន្តបន្ទាប់ ដូចជាការអនុវត្តការងារ ឬបេសកកម្មក្នុងប្រតិបត្តិការ ទប់ស្កាត់និងចាប់បញ្ជូន អ្នកដែលកើតកូវីដ-១៩ ដែលរត់ចេញពីមណ្ឌលព្យាបាល ឲ្យត្រឡប់ចូលមណ្ឌលវិញ ដែលក្នុងនោះកម្លាំងអាវុធហត្ថត្រូវដាក់ខ្លួនប្រឈមមុខ នឹងហានិភ័យនៃការឆ្លងកូវីដ-១៩ តែអាវុធហត្ថអាចមានវិធានការ និងសម្ភារៈសមស្រប ក្នុងការអនុវត្តបេសកកម្មបានជោគជ័យ។ ឯកឧត្តមក៏លើកឡើងនូវការគាំទ្រនិងលើកទឹកចិត្ត បន្ថែមទៀត ចំពោះការទំនាក់ទំនងជាមួយប្រជាជននិងមហាជននៅក្នុងសហគមន៍ តាមរយៈប្រតិបត្តិការផ្ទាល់យកចិត្តទុកដាក់លើជីវភាពប្រចាំថ្ងៃ ទៅលើអ្វីដែលជាកត្តាចាំបាច់ ហើយនឹងតម្រូវការក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ប្រកបដោយស្នាមញញឹម ផ្តល់ភាពកក់ក្តៅទៅពួកគាត់ ឲ្យមានជំនឿទុកចិត្តគ្រប់ពេលជួបប្រទះបញ្ហាផ្សេងៗ គឺមានកងរាជអាវុធហត្ថនៅផ្សាភ្ជាប់ជាមួយគាត់ អមជាមួយអាជ្ញាធរមូលដ្ឋាន ដូចដែលអាវុធហត្ថបានផលិតជាវីដូអូបង្ហាញ អំពីតួនាទីនិងការលះបង់របស់កងរាជអាវុធហត្ថ ផ្តល់នូវសុវត្ថិភាពនិងភាព កក់ក្តៅជូនដល់ពលរដ្ឋ។


ជាចុងបញ្ចប់ លោកហ៊ុន ម៉ានី បានផ្តាំផ្ញើថា សូមឱ្យយើងទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលបោះបង់ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យនៅឯកកាឬមានការខ្វះខាតនោះឡើយ ហើយឯកឧត្តម ក៏បានលើកឡើងនូវឃ្លាមួយដែលថ្នាក់ដឹកនាំតែងតែពិភាក្សា ឲ្យកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ នោះគឺ ” មិនថាក្នុងកាលៈទេសៈចលាចល មិនថាក្នុងកាលៈទេសៈសុខសន្តិភាព ជាពិសេសនៅក្នុងកាលៈទេសៈសុខសន្តិភាព ស្មារតីនៃការប្រុងប្រយ័ត្ន មិនត្រឹមតែត្រូវបានថែរក្សាទេ គឺត្រូវតែត្រូវបានបង្កើនជានិច្ច ” ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top