ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន៖ បន្ទាប់ពីសហរដ្ឋអាមេរិក​ ធ្វើការដកទ័ពចេញ ពីប្រទេសអាហ្វហ្កានីស្ថាន! តើនឹងមានអ្វី កើតឡើងបន្ទាប់ទៀត?

សហរដ្ឋអាមេរិក បានដកកងទ័ពរបស់ខ្លួន ស្ទើរតែទាំងស្រុង ពីប្រទេសអាហ្វហ្កានីស្ថាន ដែលជាទីប្រយុទ្ធដ៏យូរលង់មួយរបស់ខ្លួន ដោយប្រើការចោទប្រកាន់ថា នៅទីនោះគឺមានក្រុមភេរវកម្ម និងក្រុមភេរវកម្ម Al Qaeda ប្រើប្រាស់ទីនោះជាមូលដ្ឋាន ដើម្បីធ្វើការវាយប្រហារ ទៅលើសហរដ្ឋអាមរិក ហើយក្រុមតាលីបង់ បានទាញយកឱកាសនេះ ដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានទាំងមូល បន្ទាប់ពីបានធ្វើការវាយសម្រុក ចូលទៅដល់ទីក្រុងកាប៊ូល កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ។

ជាមួយគ្នានេះដែរ លោក Ashraf Ghani ប្រធានាធិបតី នៃប្រទេសអាហ្វហ្កានីស្ថាន បានធ្វើការគេចខ្លួនចេញពី ប្រទេសទៅកាន់ប្រទេសអារ៉ាប់ឌីសាអូឌីត ដោយស្ថិតក្រោមហេតុផលមនុស្សធម៌។

យោងទៅតាមសន្និសីទសារព័ត៌មាន របស់លោក Joe Biden កាលពីប៉ុន្មានថ្ងៃមុននេះ លោកបានមានប្រសាសន៍ថា «ទោះបីជាទ័ពអាមេរិក បន្តឈរជើងនៅទីនោះ ១ឆ្នាំ ឬ ៥ឆ្នាំបន្ថែមទៀត ក៏នឹងមិនអាចជួយ ឲ្យមានការផ្លាស់ប្តូរអ្វីច្រើនដែរ បើសិនកងទ័ពអាហ្វហ្កានីស្ថាន មិនអាចឬមិនព្រមក្តោបក្តាប់ ជោគវាសនារបស់ខ្លួន» លោកបានបានបន្តទៀតថា លោកមិនអាចទទួលយកបានទេ ដែលអាមេរិកមិនអាចដកទ័ពចេញ ឲ្យអស់ពីប្រទេសមួយ ដែលកំពុងជាប់គាំង ក្នុងសង្រ្គាមស៊ីវិលនោះ។

ការបកស្រាយខាងលើនេះ គឺដូចទៅនឹងដាក់កំហុសទាំងស្រុង ទៅលើអាហ្វហ្កានីស្ថាន ដែលមិនព្យាយាមនិងប្រយុទ្ធតទល់ នឹងក្រុមតាលីបង់ ដែលធនធាននៅមានកម្រិត បើប្រៀបធៀបទៅនឹង ប្រទេសអាហ្វហ្កានីស្ថាន។

ទោះបីជាយ៉ាងណាក្ដី បើយើងមើលឱ្យកាន់តែស៊ីជម្រៅ ការប្រយុទ្ធបន្តទៀត គឺវាមានតែការបង្ហូរឈាម ឥតស្រាកស្រាន្ត និងទុក្ខវេទនាទាំងអស់ នឹងធ្លាក់លើតែប្រជាជនឯងតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ដែលមានសព្វាវុធទំនើបជាងគេ លើលោកចំណាយពេលអស់ប្រមាណ ជាង ២០ ឆ្នាំនៅទីនោះ មិនអាចធ្វើឱ្យស្ថានការណ៍ប្រសើរ គួរឱ្យគាប់គួរផងនោះ តើប្រទេសមួយ ដែលមានសង្រ្គាមរាំរៃជាងពីរ ទស្សវត្តនេះគួរបន្តទៀត ដល់ពេលណា?

ព្រឹត្តិការណ៍ដែលកើតឡើង បន្ទាប់ពីក្រុមតាលីបង់ដណ្ដើមបាន ការគ្រប់គ្រងនៃប្រទេសទាំងស្រុង

ទិដ្ឋភាពនេះដូចអ្វីដែលលោក Joe Biden បានមានប្រសាសន៍អញ្ចឹងថា ទោះសហរដ្ឋអាមេរិកនៅទីនោះទៀត ក៏ស្ថានការណ៍មិនអាចប្រែប្រួល បានច្រើននោះដែរ។ ដូច្នេះហើយសហរដ្ឋអាមេរិក មិនគួរណាចូលទៅលុកលុយនៅទីនោះ តាំងតែពីដើមទីមកម្លេះ ដោយត្រឹមតែជា ផលប្រយោជន៍ផ្ទាល់ខ្លួន។

បន្ទាប់ពីក្រុមតាលីបង់ បានធ្វើការគ្រប់គ្រងប្រទេស ទាំងមូលរួចមក ប្រទេសអាហ្វហ្កានីស្ថាន បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលសហរដ្ឋអាមេរិកបោះបង់ចោល ពាក់កណ្ដាលផ្លូវ នៅពេលមួយដែលពួកគេគិតថា អស់ប្រយោជន៍សម្រាប់នយោបាយ ការបរទេសរបស់ខ្លួន ដូចជាវៀតណាមខាងត្បូង និងកម្ពុជា ក្នុងរដ្ឋាបាលសេនាប្រមុខលន់ ណល។ ទោះបីជាយ៉ាងណាក្ដី អាមេរិកបានប្ដេជ្ញាថា នឹងបន្តតាមដាន និងវាយតម្លៃទៅលើពួកតាលីបង់ ប៉ុន្តែវាប្រហែលត្រឹមតែពាក្យ សម្ដីប៉ុណ្ណោះ។ ស្ថានភាពក្នុងប្រទេសអាហ្វហ្កានីស្ថាន គឺស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយ ទោះបីជាមេដឹកនាំក្រុមតាលីបង់ បានធ្វើការសន្យាថា នឹងគោរពសិទ្ធិស្រ្តី សារព័ត៌មាន និងជាពិសេសនោះ គឺមិនសងសឹកនឹងអ្នកដែលធ្លាប់ធ្វើការ ឱ្យបរទេសឬរដ្ឋាភិបាលចាស់នោះឡើយ នៅក្នុងសន្និសីទដំបូងរបស់ខ្លួន។

ជាក់ស្ដែងសហរដ្ឋអាមេរិក ចក្រភពអង្គគ្លេស និងប្រទេសប្លុកប្រជាធិបតេយ្យមួយចំនួនទៀត ដូចជាបាននិយាយថាខ្លួននឹងធ្វើការ វាយតម្លៃក្រុមតាលីបង់ ទៅតាមសកម្មភាពជាជាងពាក្យសម្ដី ផ្ទុយពីនេះ ប្រទេសបារាំង បាននិយាយថាខ្លួន នឹងមិនទទួលស្គាល់ក្រុមសកម្មប្រយុទ្ធតាលីបង់ ជាមេដឹកនាំស្របច្បាប់ របស់អាហ្វហ្គានីស្ថានឡើយ ព្រោះថាការយកអំណាច ដោយប្រើកម្លាំងមិនមែនជាសិទ្ធអំណាច ពិតប្រាកដនោះឡើយ ជាងនេះទៅទៀត ក្រុមតាលីបង់ មិនដែលទន់ភ្លន់ឡើយ។

ក្នុងន័យនេះបានបញ្ជាក់ឱ្យយើងឃើញថា ប្រជាជនអាហ្វហ្កានីស្ថាន មិនទាន់ស្ថិតនៅក្នុងសុវត្ថិភាពនៅឡើយទេ ដោយថ្មីៗនេះមានការរាយការណ៍ ស្ដីអំពីការរុករករបស់ក្រុមតាលីបង់ លើជនណាដែលធ្លាប់ធ្វើការជូនបរទេស នៅតាមផ្ទះរបស់ប្រជាជន។ ដូច្នេះហើយអង្គការអន្តរក្នុងតំបន់ និងអង្គការអន្តរជាតិ ត្រូវតែធ្វើការតាមដាន និងធ្វើការយ៉ាងជិតស្និត ជាមួយនឹងក្រុមតាលីបង់ ដើម្បីធានាអាយុជីវិត ដល់ប្រជាជនស្លូតត្រង់ ព្រមទាំងនាំប្រទេស នៅវិលទៅរកភាពស្ងប់សុខ និងប្រក្រតីនៅក្នុងប្រទេសឡើងវិញ។ ប្រទេសមហាអំណាចធំៗ លើពីភពលោក ត្រូវតែត្រៀមលក្ខណៈជានិច្ច ដើម្បីចូលរួមជួយដល់ កិច្ចការមនុស្សធម៌ណាមួយ ដែលចាំបាច់នាពេលអនាគត ដោយមិនមានការលាក់ របៀបវីរៈនោះឡើយ។

ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អង្គការក្នុងតំបន់ និងអង្គការអន្តរជាតិផ្សេងៗទៀតផងដែរ បន្ទាប់ពីការធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រីអ៊ុន សាន ស៊ូជីដោយក្រុមកម្លាំងយោធា ដែលដឹកនាំដោយអគ្គមេបញ្ជាការ លោក Min Min Hlaing។ ចំពោះទង្វើនេះផងដែរ គឺត្រូវបានប្រជាជន ក្នុងស្រុកមិនពេញចិត្តនោះឡើយ រហូតឈានទៅដល់ការបាតុកម្មតវ៉ា និងមានការប៉ះទង្គិច រវាងប្រជាជន និងមន្រ្តីប៉ូលីសទៀតផង។ ស្របពេលជាមួយគ្នានេះដែរ លោក Joe Biden ដែលជាប្រធានាធិបតី ជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក ត្រូវបានគេដឹងថា គោលនយោបាយការបរទេស របស់គាត់ គឺផ្ដោតសំខាន់ ទៅលើសិទ្ធមនុស្ស និងប្រជាធិបតេយ្យ ទោះបីជាយ៉ាងណាក្ដីសហរដ្ឋអាមេរិក គឺនឹងមិនអាចលូកលាន់ចូលកិច្ចការផ្ទៃ ឬឈ្លានពានប្រទេសមីយ៉ាន់ម៉ា ដើម្បីស្តារឡើងវិញនូវរដ្ឋាបាល ដែលជាប់ឈ្នោតបាននោះឡើយ បើមិនដូច្នេះទេទីបញ្ចប់ នៃប្រទេសមីយ៉ាន់អាចនឹងស្រដៀងគ្នា ទៅនឹងបញ្ហានៅប្រទេសអាហ្វហ្កានីស្ថា នានោះដែរ។

គួរឱ្យកត់សម្គាល់ផងដែរថា លោក Joe Biden បានព្រមានអំពីការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីម្ដងទៀត មកលើប្រទេសមីយ៉ានម៉ា បន្ទាប់ពីដកអស់រយៈពេលប្រមាណ ជាមួយទស្សវត្សកន្លងទៅ ក៏ប៉ុន្តែការដាក់ទណ្ឌកម្មសេដ្ឋកិច្ច គឺវាប្រៀបបានទៅនឹងដាក់ទណ្ឌកម្ម លើប្រជាជន ជាជាងរដ្ឋាភិបាល ដែលដឹកនាំដោយកម្លាំងយោធា។ ដូច្នេះហើយអង្គជាតិ និងអន្តរជាតិគួរប្រើប្រាស់ ការសន្ទនាការទូត ដើម្បស្វែងរកដំណោះស្រាយ ជាជាងប្រើប្រាស់ទណ្ឌកម្មផ្សេងៗ ដែលធ្លាក់ទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលអាចឈានទៅដល់ទីទាល់ រកដំណោះស្រាយមិនចេញ ព្រោះថាការដាក់ទណ្ឌកម្ម ដូចអ្វីដែលលោក Joe Biden លើកឡើងមិនអាចផ្លាស់ប្ដូរស្ថានភាព ឱ្យមានការល្អប្រសើរឡើងនោះឡើយ។

ការតវ៉ាពីសំណាក់ ប្រជាជនប្រឆាំង នឹងរបបយោធា ក្នុងប្រទេសមីយ៉ាន់ម៉ា

ដូចគ្នាទៅនឹងបញ្ហា នៃប្រទេសកូរ៉េខាងជើង ដែលសហរដ្ឋអាមេរិក បានជួបចរចារជាច្រើន លើកមកហើយ ជាពិសេសគឺនៅ ខណៈពេលដែល លោក Donald Trump នៅជាប្រធានាធិបតី។ ថ្មីៗនេះកូរ៉េខាងជើង បានចោទប្រកាន់ រដ្ឋាភិបាលលោក Joe Biden បានព្យាយាមប្រើប្រាស់ គោលនយោបាយអរិយភាព មកលើប្រទេសរបស់ខ្លួន ដោយធ្វើឱ្យការជួបពិភាក្សា របស់ប្រទេសទាំងពីរ មានការរអាក់រអួល សារជាថ្មីម្ដងទៀត។ វាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ អំពីចេតនារបស់សហរដ្ឋអាមេរិក គឺមិនមែនសន្តិភាព តំបន់និងពិភពលោកនោះឡើយ ប៉ុន្តែដើម្បីប្រយោជន៍របស់ខ្លួន និងធ្វើយ៉ាងណាឱ្យប្រទេសដ៏ទៃ គោរពព្រមទាំងធ្វើតាម អ្វីដែលខ្លួនចង់បាន។

ជំនួបពិភាក្សាគ្នា រវាងមេដឹកនាំ នៃប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នាពេលកន្លងទៅ

ជារួមសហរដ្ឋអាមេរិក គប្បីកែប្រែឥរិយាបទរបស់ខ្លួន ពាក់ព័ន្ធទៅនឹងការលូកដៃ ចូលទៅកាន់ផ្ទៃក្នុងរបស់ប្រទេសដ៏ទៃ ដើម្បីសុវត្ថិភាព និងសុខាមាលភាពជាសកល ជាពិសេសនោះ គឺបញ្ហានៅក្នុងប្រទេស មីយ៉ានម៉ា និងកូរ៉េខាងជើងត្រូវដោះស្រាយ ដោយសន្តិភាពបំផុត ព្រមទាំងបំភ្លេចនូវវិធីសាស្រ្តទាំងឡាយណា ដែលពាក់ព័ន្ធទៅនឹងកិច្ចផ្ទៃក្នុង របស់ប្រទេសទាំងពីរ៕ រៀបរៀងដោយ៖ Yim Samphea

To Top