ព័ត៌មានជាតិ

ចាប់យានយន្ត ដឹកខ្សាច់ធុនធ្ងន់ ៦គ្រឿង រក្សាទុក១ឆ្នាំ នៅមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តរតនគិរី និងកំពង់ស្ពឺ

ភ្នំពេញ៖ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការឃាត់ យានយន្តដឹកជញ្ជូនខ្សាច់ ធុនធ្ងន់ ចំនួន៦គ្រឿង ផាកពិន័យ និងឃាត់ទុកចំនួន១ឆ្នាំ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងខេត្តកំពង់ស្ពឺ។

យោងតាមក្រសួងសាធរណការនិងដឹកជញ្ជួន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យានយន្តដឹកខ្សាច់ចំនួន ៥គ្រឿង ដែលដឹកលើសចាប់ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។

ដោយឡែក យានយន្តដឹកខ្សាច់ធុនធ្ងន់ ផ្ទុកទម្ងន់សរុប ៧០តោន ១គ្រឿងទៀត ដែលផ្ទុកលើស៣០តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ យ៉ាងដោយគ្មានការលើកលែង ឡើយ៕

To Top
×