នាពេលថ្មីៗនេះលោកសម រង្សីបានធ្វើការប្រកាស ក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន របស់លោកថា ខ្លួនបានធ្វើដំណើរដល់ប្រទេស សហរដ្ឋអាមេរិកហើយ ប៉ុន្តែមិនបានបញ្ជាក់អំពី ព័ត៌មានអ្វីបន្ថែមទៀតនោះឡើយ ដូចជាគោលបំណង នៃការធ្វើដំណើរទស្សនៈកិច្ចនេះ ឬផែនការអ្វីនោះទេ។
ទោះបីជាយ៉ាងណាក្ដី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានដាក់ការសង្ស័យថា អតីតប្រធានគណបក្ស សង្រ្គោះជាតិ ទៅសហរដ្ឋអាមេរិក ក្នុងគោលបំណង ជួបជាមួយមន្រ្តីជាន់ខ្ពស់ របស់អាមេរិក ដើម្បីបំផ្លាញកម្ពុជាប៉ុណ្ណោះ។ ជាងនេះទៅទៀត អ្នកនាំពាក្យ គណៈបក្សប្រជាជនកម្ពុជា បានបន្ថែមទៀតថា “ការដែលក្រុមឧទ្ទាមក្រៅច្បាប់ ដែលសម្ដៅដល់ លោក សម រង្ស៊ី ទៅរកជួបមន្ត្រីអាមេរិក ជាភស្តុតាង បញ្ជាក់ពីគំនិតអាក្រក់ របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែចង់បំផ្លាញខ្មែរ” តាមរយៈតេឡេក្រាម កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ។ ប៉ុន្តែយើងមិនទាន់ដឹងទេថា តើការដាក់ការសង្ស័យនេះ ជាការពិតឬយ៉ាងណា?
ស្របពេលជាមួយគ្នានេះដែរ យើងអាចក្រឡេកទៅមើល ប្រត្តិសាស្រ្តមួយចំនួន ទាក់ទងទៅនឹង ការដឹកដៃជនបរទេស ចូលមកផ្ទៃក្នុងរបស់ខ្លួន ដើម្បីតែអំណាច។
នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ជាថ្ងៃ ដែលលោកសេនាប្រមុខលន់ ណល ដែលមានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយសហរដ្ឋអាមេរិក បានធ្វើរដ្ឋប្រហារ ទម្លាក់ព្រះបាទ នរោត្ដម សីហនុ ហើយសកម្មភាពទាំងអស់នោះ មិនអាចប្រព្រឹត្តទៅបាន ដោយគ្មានការគាំទ្រ ពីសហរដ្ឋអាមេរិកនោះឡើយ រួមទាំងសម្ភារៈ សព្វាវុធ និងថវិកា ប៉ុន្តែជំនួយនេះមិនបានស្ថិតស្ថេរ រហូតនោះឡើយ ដោយប្រមាណ ៥ ឆ្នាំក្រោយមក សហរដ្ឋអាមេរិក បានផ្ដាច់ជំនួយទាំងស្រុង ជាហេតុឈានទៅដល់ការដួររលំ រដ្ឋាភិបាលរបស់សេនាប្រមុខ លន់ ណល និងនាំឱ្យពួកខ្មែរក្រហម មានលទ្ធភាពគ្រប់គ្រងប្រទេសទាំងស្រុង ហើយប្រជាជនកម្ពុជា បានរស់នៅយ៉ាងវេទនា អស់រយៈពេលប្រមាណជិត ៤ ឆ្នាំ និងបាត់បងជីវិត ប្រមាណ ១ លាន ៥ សែនទៅ ២ លាននាក់។
ស្រដៀងទៅនឹងបញ្ហា នៅក្នុងប្រទេសកម្ពុជានេះដែរ អតីតប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក Boris Yeltsin ដែលជាប្រធានាធិបតីដំបូង នៃប្រទេសរុស្ស៊ី ក្រោយការដួររលំ នៃសហភាសូវៀត ដែលដឹកនាំដោយលោក Mikhail Sergeyevich Gorbachev កាលពីឆ្នាំ១៩៩១ ដែលជាវេលា នៃការបញ្ចប់សង្រ្គាមត្រជាក់ រវាងអាមេរិក និងសហភាពសូវៀត ផងដែរ។
លោក Boris Yeltsin ជាប្រធានាធិបតី ដែលមានទំនាក់ទំនងល្អ ជាមួយនឹងរដ្ឋបាលលោក Bill Clinton ដែលជាហេតុនាំឱ្យមាន ការលើកឡើងថា ការជាប់ឆ្នោត និងទទួលបានការគាំទ្រ របស់លោក Yeltsin នៅក្នុងប្រទេសមានការគាំទ្រ ពីក្រោយខ្នងរបស់សហរដ្ឋអាមេរិក។ ជុំវិញបញ្ហានេះផងដែរ គឺមានមតិវិជ្ជមាន និងអវិជ្ជមាន ទៅលើការដឹកនាំរបស់លោក Yeltsin។
ចំពោះមតិវិជ្ជមាននោះ ត្រូវបានគេជឿថាលោក គឺជាមនុស្សដំបូង ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យ មកកាន់ប្រទេសរុស្ស៊ី ប៉ុន្តែផ្ទុយទៅវិញ មានមនុស្សមួយក្រុមទៀតជឿថា កត្តាដែលបណ្ដាលឱ្យឈាន ទៅដល់ការដួររលំ នៃសហភាពសូវៀត គឺបណ្ដាលមកពីវត្តមាន របស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការផ្ទៃក្នុង របស់សភាពសូវៀត ដែលនាំមកដោយលោក Yeltsin។
វត្តមានរបស់សហរដ្ឋអាមេរិក ត្រូវបានគេជឿថា គឺមិនមែនត្រឹមតែមកក្នុងនាម ជួយស្ដារសហភាពសូវៀត និងស្ថេរភាព ក្នុងប្រទេសដោយស្មោះត្រង់នោះទេ ប៉ុន្តែគោលបំណងរបស់គេ គឺត្រូវប្រាកដក្នុងចិត្តថា សហភាពសូវៀត ដែលជាគូរប្រជែងដ៏ធំរបស់ខ្លួន ក្នុងសង្រ្គាមត្រជាក់ មិនអាចងើបមក និងក្លាយជាការកម្រាមកំហែង ដល់ខ្លួនម្ដងទៀតនោះឡើយ។
យើងមិនអាចដឹង ពីហេតុផលពិប្រាកដ អំពីគោលបំណង របស់គេនោះឡើយ ប៉ុន្តែយើងអាចពិចារណា ទៅលើបញ្ហានេះផងដែរថា តើសហរដ្ឋអាមេរិក ពិតជាមានបំណង ជួយគូរប្រជែងរបស់ខ្លួន ឱ្យងើបឡើងមកវិញ ដើម្បីប្រកួតប្រជែងគ្នាម្ដងទៀតឬ?
កិច្ចប្រជុំកំពូលលើកដំបូង រវាងលោក Bill Clinton និងលោក Boris Yeltsin នាទីក្រុង Vancouver ថ្ងៃទី ៣-៤ ខែមេសា ឆ្នាំ១៩៩៣
សូមទាញការចាប់អារម្មណ៍ ជុំវិញបញ្ហាដែលទើបតែកើតឡើង នាពេលថ្មីៗនេះផងដែរ ព្រោះពួកយើង បានឃើញនិងជាសាក្សី ចំពោះបញ្ហានេះ។ កាលពីប៉ុន្មានថ្ងៃមុននេះ សហរដ្ឋអាមេរិក បានដកកងទ័ពរបស់ខ្លួនស្ទើរតែទាំងស្រុង ពីប្រទេសអាហ្វហ្កានីស្ថាន ដែលបានបន្សល់នូវភាពរ៉ាំរ៉ៃ និងទុក្ខវេទនា ដល់ប្រជាជនក្នុងស្រុក។
បើយើងក្រឡេកទៅមើល កាលពីអតីតកាល បន្ទាប់ពីអតីតប្រធានាធិបតី នៃសហរដ្ឋអាមេរិក លោក George W. Bush ចុះហត្ថលេខាលើច្បាប់ សេចក្តីសម្រេចរួមមួយ ដែលអនុញ្ញាតឱ្យប្រើកម្លាំងប្រឆាំង នឹងអ្នកទទួលខុសត្រូវ វាយប្រហារសហរដ្ឋអាមេរិក នៅថ្ងៃទី៩ ខែវិច្ឆកា រួចមក សហរដ្ឋអាមេរិក ក៏ចាប់ផ្ដើមធ្វើការវាយប្រហារ ទៅលើក្រុមតាលីបង់ ដោយបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ ដែលមានការគាំទ្រ ពីសមាជិកអង្គការ NATO ផងដែរ ក្នុងរយៈពេលដ៏ខ្លីរបបតាលីបង់ ក៏ត្រូវបានដួររលំប៉ុន្តែវាមិនមែនជាការបញ្ចប់ នៃសង្រ្គាមដ៏រ៉ាំរ៉ៃនេះឡើយ។
រហូតមកដល់ឆ្នាំ២០០៤ ការបោះឆ្នោតជាតិ ជាប្រវត្តិសាស្ត្រជាលើកដំបូង បានប្រព្រឹត្តឡើង ក្នុងប្រទេសអាហ្វហ្កានីស្ថាន ជាលទ្ធផលលោក Hamid Karzai បានក្លាយជាប្រមុខរដ្ឋ ប្រជាធិបតេយ្យ ដែលជាប់ឆ្នោតដំបូងគេ នៅអាហ្វហ្កានីស្ថាន។ ខណៈពេលនោះដែរ Osama bin Laden និយាយក្នុងកញ្ចក់ទូរទស្សន៍មួយថា“ យើងចង់ស្តារសេរីភាព ជូនជាតិយើងដូចអ្នកបំផ្លាញជាតិយើងដែរ” នាប្រមាណថ្ងៃមុននឹងការបោះឆ្នោត ក្នុងសហរដ្ឋអាមេរិក។
ចាប់តាំងពីពេលនោះមក សង្រ្គាមបានអូសបន្លាយ រហូតមកនៅក្នុងប្រទេសមួយនេះ។ រហូតដល់នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១១ មេដឹកនាំអាល់កៃដា លោក Osama bin Laden ដែលទទួលខុសត្រូវ ចំពោះការវាយប្រហារ ៩/១១ នៅញូវយ៉ក និងវ៉ាស៊ីនតោន ត្រូវបានសម្លាប់ដោយកងកម្លាំងអាមេរិក នៅក្នុងប្រទេសប៉ាគីស្ថាន។ ទោះបីជាយ៉ាងណាក៏ដោយ ការសម្លាប់លើមេដឹកនាំរបស់ អាល់កៃដា មិនបាននាំឱ្យស្ថានភាពប្រសើរឡើងនោះឡើយ ទោះបីជាសហរដ្ឋអាមេរិក បានព្យាយាមរៀបចំការបោះឆ្នោះ តាមបែបប្រជាធិបតេយ្យ ដើម្បីជ្រើសរើសមេដឹកនាំ ក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយមកទល់ពេលនេះ ក្រុមតាលីបង់ បានដណ្ដើមអំណាច បានមកវិញទាំងស្រុង បន្ទាប់ពីការប្រកាសដកទ័ព របស់សហរដ្ឋអាមេរិក នាប៉ុន្មានខែមុននេះ ចំណែកឯលោក Ashraf Ghani ដែលជាប្រមុខរដ្ឋាភិបាល នៃប្រទេស ហើយមានការគាំទ្រ ដោយសហរដ្ឋអាមេរិកនោះ បានរត់គេចខ្លួន ដោយយកប្រាក់ជាច្រើន ទៅតាមខ្លួន នេះបើយោងតាមការចុះផ្សាយ របស់កាសែតមួយ របស់ប្រទេសរុស្ស៊ី។
តើការបោះឆ្នោត ដោយមានការគាំទ្រ ពីសហរដ្ឋអាមេរិក ពិតជាមានប្រសិទ្ធភាព ក្នុងការជ្រើសរើសមេដឹកនាំល្អ និងគ្មានអំពើពុករលួយ ពិតប្រាកដមែនឬ? ហេតុអ្វីបានជារដ្ឋាភិបាល នៃប្រទេសអាហ្វហ្កានីស្ថាន មិនក្រោកឈរប្រឆាំង នឹងក្រុមតាលីបង់? ផ្ទុយទៅវិញអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺថ្នាក់ដឹកនាំបានដឹកលុយ គេចចេញពីប្រទេស យករួចខ្លួនទៅវិញ។
ក្រុមយុទ្ធជន តាលីបង់ បានកាន់កាប់វិមានប្រធានាធិបតី អាហ្វហ្កានីស្ថាន បន្ទាប់ពីប្រធានាធិបតី អាស្ហាហ្វហ្គានី បានភៀសខ្លួន ចេញពីប្រទេស កាលពីថ្ងៃទី១៥ ខែសីហា
សរុបមក ការនាំបរទេសចូលមក ជ្រៀតជ្រែកផ្ទៃក្នុងរបស់ខ្លួន មែនមែនជាជម្រើសដ៏ល្អនោះឡើយ ការរួបរួមសាមគ្គី ផ្សះផ្សា អភិវឌ្ឍន៍ជាតិ ជាជម្រើសដ៏ល្អបំផុត សម្រាប់កម្ពុជា និងប្រទេសដ៏ទៃទៀត ទូទាំងសកលលោក ដូចបុរាណតែងពោលថា “ចង្កឹះមួយបាច់ គេកាច់មិនបាក និង សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់” វាពិតជាឆ្លុះបញ្ជាំង អំពីទិដ្ឋភាពសង្គមពិតប្រាកដមែន៕ រៀបរៀងដោយ៖ Yim Samphea