ព័ត៌មានជាតិ

សម្តេចតេជោ នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូល មហាអនុតំបន់ មេគង្គលើកទី៧ នាថ្ងៃទី៩ កញ្ញា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញធ្វើជា ប្រធានដឹកនាំ កិច្ចប្រជុំកំពូលមហាអនុតំបន់ មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្តាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិក មហាអនុតំបន់ផ្សេងទៀត ដែលចូលរួមកិច្ចប្រជុំនេះ រួមមាន ៖ លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាមានិតចិន, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ, នាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា, នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ, លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និង លោក ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំនេះផងដែរ។

អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំដោយផ្ទាល់ រួមមាន ៖ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៏ និងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ព្រមទាំងរដ្ឋមន្រ្តីពាក់ព័ន្ធ ផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះ ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់ នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី» កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រ ពីធនាគារអភិវឌ្ឍន៍អាស៊ី។
កិច្ចប្រជុំក៏នឹងផ្តល់ឱកាស ដល់អ្នកចូលរួមទាំងអស់ ធ្វើការបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ខ្លួន ដើម្បីធ្វើឱ្យអនុតំបន់ កាន់តែរួបរួមគ្នា ប្រកបដោយវិបុលភាព ចីរភាព និងបរិយាប័ន្ន នៅក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់ តំបន់ និងពិភពលោក។

គួរកត់សម្គាល់ថា កម្មវិធីមហាអនុតំបន់មេគង្គ ឈរលើមូលដ្ឋាន នៃការពិគ្រោះយោបល់ និងកិច្ចសន្ទនា ក្នុងចំណោមបណ្តាសមាជិក មហាអនុតំបន់មេគង្គ។ មហាអនុតំបន់មេគង្គផ្តោតលើគម្រោង អនុតំបន់នានាដែលមានអាទិភាពខ្ពស់ នៅក្នុងវិស័យការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម ៕

To Top