ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ណែនាំប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្ន ល្បិចផ្តល់ប្រាក់កម្ចី តាមអនឡាញខុសច្បាប់

ភ្នំពេញ៖ នាពេលកន្លងមក នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ក៏ធ្លាប់បានធ្វើការផ្សព្វផ្សាយ នូវអត្តបទអប់រំ ស្តីអំពី «ហានិភ័យ នៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)» ដែលអត្ថបទនោះ បានអធិប្បាយ អំពីល្បិចកល ដែលជនខិលខូច អនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំង បរិយាយអំពីហានិភ័យ ពាក់ព័ន្ធមួយចំនួនផងដែរ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្មីៗនេះ ដោយទទួលបាន សេចក្តីរាយការណ៍ ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារនាយកដ្ឋាន ព័ត៌មានវិទ្យា លើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូច បានប្រើប្រាស់ ក្នុងការអូសទាញជនរងគ្រោះ ឲ្យយល់ព្រមខ្ចីប្រាក់អនឡាញ ជាសង្ខេបដូចជា៖

ទី១-ជនខិលខូចបានបង្កើត ទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ ដោយដាក់ឈ្មោះ ក្រុមហ៊ុនកម្ចីប្រាក់អនឡាញ។

ទី២-ជនខិលខូចធ្វើការផ្សព្វផ្សាយ ទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ (Ads) លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើការអូសទាញ ការចាប់អារម្មណ៍ពីជនរងគ្រោះ។

ផ្ទាំងពាណិជ្ជកម្ម

ទី៣-ជនរងគ្រោះអាចធ្វើការស្នើសុំ កម្ចីពីជនខិលខូច ជាមួយលក្ខខណ្ឌងាយៗ ដោយគ្រាន់តែផ្តល់ នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ រូបភាព ឬវីដេអូអាក្រាតកាយ របស់ជនរងគ្រោះ។

ទី៤-ជនខិលខូចនឹងប្រើប្រាស់ ព័ត៌មានអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយ ដើម្បីគំរាមកំហែងជនរងគ្រោះ ករណីពុំសងប្រាក់ ឬបង់ការប្រាក់ដ៏ច្រើនលើសលប់។

និងទី៥-ករណីមួយចំនួន ជនខិលខូចបានធ្វើការប្រើប្រាស់រូបភាព ឬវីដេអូអាក្រាតកាយ ជនរងគ្រោះគំរាមទារប្រាក់ ឬជួញដូរ ផងដែរ។

ជាថ្មីម្តងទៀត ក្រុមការងារនាយកដ្ឋាន ព័ត៌មានវិទ្យា ធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធនឹងប្រភេទបទល្មើសខាងលើ និងត្រូវប្រុងប្រយ័ត្ន ក្នុងការរក្សាការពារព័ត៌មានបុគ្គល តួរយ៉ាងដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅ រូបភាព ឬវីដេអូផ្ទាល់ខ្លួន ជៀសវាងការចែករំលែក ឬផ្ញើរឲ្យអ្នកណាម្នាក់ ដោយមិនស្គាល់អត្តសញ្ញាណ ឬប្រភពច្បាស់លាស់៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023