ព័ត៌មានជាតិ

លោក សុខ ឥសាន ហៅលោក ប៉ា ងួនទៀង បង្កើតគណបក្សចូលប្រកួតយកអំណាច កុំចាំបាច់វាយប្រហាររដ្ឋាភិបាល ពីក្រៅប្រទេស (Video)

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅលោកប៉ា ងួនទៀង ដែលជាប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) មកបង្កើតគណបក្សនយោបាយហើយចូលរួមប្រកួតប្រជែងដណ្តើមយកឈ្នះគណបក្សប្រជាជន ហើយកាន់អំណាចទៅ កុំចាំបាច់វាយប្រហារលើរាជរដ្ឋាភិបាលពីក្រៅប្រទេស ។

ការហៅរបស់លោក សុខ ឥសាននេះ ក្នុងពេលលោក ប៉ា ងួនទៀង និយាយក្នុងកម្មវិធី Idea Talk របស់សាព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ថា “អ្វីដែលសម្តេចតេជោ ហ៊ុន សែន កំពុងធ្វើសព្វថ្ងៃនេះ មិនមែនធ្វើដើម្បីគណបក្សប្រជាជនកម្ពុជាទេ ហើយគណបក្សប្រជាជនគ្រាន់តែជាឈ្នាន់ទេ តែចំពោះគាត់ គឺដើម្បីក្រុមគ្រួសាររបស់គាត់ ។ ជាក់ស្តែងអំណាចនៅក្នុងក្រសួងទាំងអស់ ទាំងក្រសួងសុខាភិបាលក៏ដោយ អ្នកចេញមកគឺមន្រ្តីធម្មតា ប៉ុន្តែអំណាចខ្លាំងគឺកូនប្រសារគាត់ និងក្រុមកូនគាត់ ពោលគឺឆ្ពោះទៅរករបបគ្រួសារត្រកូល ហ៊ុន និយម” ។

លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាមក្រុមអ្នកសារព័ត៌មាននាថ្ងៃ៨ កញ្ញា បានថ្លែងថា “បើ ប៉ា ងួនទៀង គ្រាន់បើ កុំនៅបរទេស ហើយវាយប្រហារមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ចូលមកបង្កើតគណបក្សនយោបាយ ប្រកួតប្រជែងបោះឆ្នោត យកឈ្នះទៅ ហើយកាន់អំណាចទៅ” ។

លោកថា បើចង់កែប្រែសង្គម មិនមែននិយាយវាយប្រហារទេ តែត្រូវជួយរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម ហើយការនិយាយវាយប្រហារចាប់កំហុស មិនមែនជាការជួយសង្គម ផ្ទុយទៅវិញគឺជាការធ្វើឧបសគ្គដល់ការរីកចម្រើនរបស់សង្គមទេ ។
បច្ចុប្បន្នលោក ប៉ា ងួនទៀង កំពុងរស់នៅសហរដ្ឋអាមេរិក។ លោកប៉ា ងួនទៀង ក៏ជាមនុស្សម្នាក់មានភាពស្និទ្ធស្នាលខ្លាំងជាមួយលោក កឹម សុខាផងដែរ ព្រោះលោកទាំង២ធ្លាប់បានធ្វើការជាមួយគ្នាកាលពីបង្កើតអង្គការក្រោមការផ្គត់ផ្គងពីអង្គការIRI ។ ប្រធាន CCIM រូបនេះ ក៏បានត្រូវបានតុលាការចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធសំណុំរឿងរបស់លោក កឹម សុខា (សំណុំរឿងក្បត់ជាតិ) ផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×