ព័ត៌មានជាតិ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង នៅខេត្តកណ្ដាល ត្រូវបានបិទបញ្ចប់

ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តកណ្ដាល ត្រូវបានបិទបញ្ចប់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១ ការចាក់វ៉ាក់សាំងដូសទី១ សម្រេចបានដូចជា ៖ ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ចាក់បានចំនួន ៨៥២,៦៣៣ នាក់ ស្មើ ៩៨.៤៧% នៃផែនការសរុប ៨៦៥,៩១៥ នាក់។ ក្នុងនោះ ពុំទាន់បានចាក់ចំនួន ១៣,២៨២ នាក់ ស្មើ ១.៥៣ %។

ដោយឡែក កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន ១៤៣,៣៨០ នាក់ ស្មើ ៩៩.៦៧% នៃផែនការសរុប ១៤៣,៨៥៩ នាក់។ ក្នុងនោះ អ្នកមិនទាន់បានចាក់ ចំនួន ៤៧៩ នាក់ ស្មើ ០.៣៣%។

លោកបានបន្ដថា ជារួម ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង បានចាក់ដូសទី១ រួច ចំនួន ៩៩៦,០១៣ នាក់ ស្មើ៩៨.៦៤% នៃផែនការសរុប ១,០០៩,៧៧៤ នាក់។ ក្នុងនោះ អ្នកពុំទាន់បានចាក់ចំនួន ១៣,៧៦១ នាក់ ស្មើ ១.៤% (ស្រ្តីមានផ្ទៃពោះ ពលករចំណាកស្រុក ប្រជាពលរដ្ឋមានធុរៈផ្សេងៗក្នុងពេលយុទ្ធនាការ និងអ្នកមានជំងឺដែលមិនអាចចាក់បាន)។

លោកអភិបាលខេត្ត ក៏បានលើកឡើងទៀតថា លទ្ធផលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្តាល សម្រេចបានលទ្ធផលខ្ពស់ នាពេលនេះ គឺអាស្រ័យដោយការខិតខំប្រឹងប្រែង តស៊ូ លះបង់កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ និងការចូលរួមពីភាគីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋផ្ទាល់ ដែលបានចូលរួមដោយស្ម័គ្រចិត្តមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ទោះបីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល ក៏ប៉ុន្ដែដំណើការចាក់វ៉ាក់សាំង នៅតាមមូលដ្ឋានសុខាភិបាលក្នុងខេត្តកណ្ដាល នៅតែដំណើរការធម្មតា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top