ព័ត៌មានជាតិ

លោក វ៉ាង យី នឹងចូលរួមសម្ពោធ ពហុកីឡដ្ឋានជាតិ មរតកតេជោ ចុងសប្តាហ៍នេះ (Video)

ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង ការបរទេសចិន នាចុងសប្តាហ៍នេះ នឹងអញ្ជើញចូលរួមសម្ពោធ ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅមុខវិមានឈ្នះឈ្នះ ។ នេះបើតាមការដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា ។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់នៅថ្ងៃទី៨ កញ្ញា ថា គម្រោងសម្ពោធពហុកីឡដ្ឋាននេះ ភាគីទាំង២កម្ពុជា-ចិនបាន ព្រមព្រៀងគ្នា រួចហើយ ដោយកំណត់យកឱកាសនៃដំណើរបំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសចិន ធ្វើពិធីសម្ពោធជាផ្លូវការតែម្តង ប៉ុន្តែមិនទាន់កំណត់ ថ្ងៃឲ្យបានជាក់លាក់ និងត្រូវប្រារព្ធធ្វើពិធីអ្វីខ្លះនោះទេ ។

លោកថា “ផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកីឡដ្ឋាន មរតកតេជោ ពីសំណាក់ ឯកឧត្តម វ៉ាង យី ដែលជាមន្ត្រីដ៏មានឥទ្ធិពលខ្លាំង របស់ចិននេះ នឹងធ្វើឲ្យពហុកីឡដ្ឋាន មរតកតេជោកាន់តែល្បីខ្ទរខ្ទារ និងកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់ពិភពលោកមកកម្ពុជា បន្ថែមទៀត” ។

លោក វ៉ាត់ ចំរើន រំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់ ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ពហុកីឡដ្ឋានជាតិ មរតកតេជោនេះ តាមគម្រោង ត្រូវចំណាយ ថវិកាសាងសង់ ក្នុងចន្លោះពី ១០០ ទៅ ២០០លានដុល្លារជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ដែលមានទីតាំង ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា មានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ ។

សូមបញ្ជាក់ថា លោក វ៉ាង យី នឹងអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស៣ផ្សេងទៀត ក្នុងតំបន់អាស៊ាន រយៈពេល៦ពីថ្ងៃទី១០-១៥ កញ្ញា។ ប្រទេស៣ទៀតនោះរួមមាន ៖ វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងដែរ ៕

To Top