ព័ត៌មានជាតិ

ឆ្នាំ២០២១ ! ក្រសួងអប់រំ ដាក់ដំណើរការថ្នាក់អក្ខរកម្ម ជិត១ពាន់ថ្នាក់ និងអ្នកសិក្សាជាង២ម៉ឺននាក់

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ឆ្នាំ២០២១នេះ ក្រសួងអបរំ ដំណើរការថ្នាក់អក្ខរកម្ម ចំនួន៩១៧ថ្នាក់ អនុវត្តន៍ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ហើយមានអ្នកសិក្សាចំនួន២៦ ៩២០នាក់ ក្នុងនោះ ស្រី ចំនួន១០ ៣៤៨នាក់។

ក្នុងពិធីអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២១ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះ ការសិក្សាពេញមួយជីវិត» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom លោក ហង់ជួន ណារ៉ុន បានឲ្យដឹងថា សមិទ្ធផល នៃការអនុវត្តកម្មវីធីអក្ខរកម្ម វិជ្ជាជីវៈ បង្ហាញឲ្យឃើញពីការ យកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលិកម្ពុជា និងការរួមគ្នាអនុវត្តយុទ្ធនាការជាសកលពីក្រសួងអប់រំ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំង អង្គការយូណេស្កូ និងដៃគូអភិវឌ្ឍនានា ជាពិសេស កិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត បញ្ញាវន្ត និងក្រុមយុវជនស្ម័គ្រចិត្ត នៅទូទាំងប្រទេស ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ជាលទ្ធផលឆ្នាំ២០២១នេះ ក្រសួងអបរំ យុវជន និងកីឡា បានដំណើរការថ្នាក់អក្ខរកម្ម ចំនួន៩១៧ថ្នាក់ ដែលបានអនុវត្តន៍ ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ៨៧២ថ្នាក់ ថ្នាក់អក្ខរកម្មតាមរោងចក្រ ៧ថ្នាក់ និងពន្ធនាគារ ៤៥ថ្នាក់ និងអនុវត្តន៍ដោយដៃគូអភិវឌ្ឍន៍ ៣៩ថ្នាក់ មានអ្នកសិក្សាសរុប ២៦ ៩២០នាក់ ស្រីមាន ១០ ៣៤៨នាក់»។

លោកបានបន្ដថា ជាការពិតណាស់ កម្ពុជាកំពុងតែស្ថិតក្នុងសភាពការមួយ ដែលមិនច្បាស់លាស់ ដោយសារជំងឺកូវីដ-១៩ ដូច្នេះ ថ្នាក់អក្ខរកម្មនេះ និងការផ្តល់ឱកាសឲ្យយុវជនបានបន្តការសិក្សាពេញមួយជីវិត ដោយត្រូវមានការថ្លឹងថ្លែងរវាង ការការពារអាយុជីវិត លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលទាមទារមានគំនិតច្នៃប្រឌិត ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយអំពីវិធានការ ការពារជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា កម្មវីធីអក្ខរកម្មជាតិឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកប្រធានបទ «អក្ខរកម្មជាមូលដ្ខានគ្រឹះការសិក្សាពេញមួយជីវិត» ក្នុងគោលបំណងឆ្លុះបញ្ចាំងឲ្យឃើញថា ការររៀនអក្ខរកម្មមិនត្រឹមតែចេះអក្សរ និងលេខប៉ុណ្ណោះទេ គឺបានផ្ដល់ឱកាសឲ្យអ្នករៀនក្នុងកម្មវីធីសមមូល កម្មវីធីបំណិនជីវិតសំដៅអភិវឌ្ឍសម្ថភាពខ្លួនឯងពីមួយឆ្នាំទៅឆ្នាំ ករណីដែលអក្ខរជន ចេះជំនាញមុខរបរស្ទាត់ជំនាញ ក្នុងការបង្កបង្កើនផល និងការចិញ្ចឹមសត្វ ព្រមទាំង ចេះកែច្នៃបង្កើតនូវសម្ភារៈប្រើប្រាស់ ក្នុងសមាគមន៍ និងលក់ឲ្យភ្ញៀវទេសចរណ៍ ថែមទៀតផង៕

To Top