ព័ត៌មានជាតិ

ស្នងការភ្នំពេញ បដិសេធ ការចោទប្រកាន់ គំរាមចាប់ខ្លួនកូនភ្លោះ ជុំ ហួត-ជុំ ហួរ

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីបំភ្លឺបដិសេធ ចំពោះការចោទប្រកាន់ថា បានគំរាមចាប់ខ្លួន បងប្អូនកូនភ្លោះ ឈ្មោះ ជុំ ហួត និងជុំ ហួរ ។

ការចេញមកបំភ្លឺ ដោយការបដិសេធនេះ ក្រោយមានការផ្សព្វផ្សាយថា មានករណីគំរាមចាប់ខ្លួន អ្នកការពារបរិស្ថាន នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ២នាក់បងប្អូន។ ២នាក់នោះគឺ លោក ជុំ ហួត និងលោកជុំ ហួរ។ ជុំ ហួត និងជុំ ហួរ ដែលបានអះអាងដោយខ្លួនឯងថា ជាមន្ត្រីគណបក្សខ្មែរ ស្រលាញ់ជាតិ និងជាសកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្សនោះ នឹងប្តឹងទៅក្រសួងមហាផ្ទៃ ឲ្យអន្តរាគមន៍ដែលមានការគំរាមកំហែង លើការធ្វើនយោបាយ ។ នេះបើតាមការចេញផ្សាយ របស់វិទ្យុអាស៊ីសេរី។

អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាធានីភ្នំពេញ បានហៅការចេញផ្សាយនោះ គឺបានចុះផ្សាយព័ត៌មាន ខុសពីការពិតទាំងស្រុង ។

អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បកស្រាយថា តាមពិតនៅព្រឹកថ្ងៃ ៧ កញ្ញា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសហការជាមួយ អជ្ញារមូលដ្ឋានសង្កាត់បឹងទំពន់១ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យ​ នៅតាមបន្ទប់ជួល នៅសង្កាត់បឹងទំពន់១ ដោយសារមានជនសង្ស័យ លើបទល្មើសឆក់ រត់ចូលក្នុងទីតាំងនេះ ។

ប្រភពបន្តថា ក្នុងពេលកំពុងអនុវត្តការងារ ក៏មានយុវជន២នាក់ ចេញមកថតសកម្មភាពអនុវត្តការងារ របស់សមត្ថកិច្ច ដោយពុំមានការអនុញ្ញាតិ ឃើញដូច្នេះ សមត្ថកិច្ចជំនាញ ក៏បានធ្វើការណែនាំអប់រំ និងឲ្យលុបរូបនេះចេញវិញ ដោយមិនបានឃាត់ខ្លួន ឬដាក់ទោសអ្វីឡើយ​ ។

ប្រភពខាងលើឲ្យដឹងទៀតថា “ក្នុងនាមសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវ ដល់គ្រប់សារព័ត៌មានជាតិ អន្តរជាតិ និងសាធារណៈជនទាំងអស់ មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មាន សូមធ្វើការស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយ ដោយកុំធ្វើការសន្និដ្ឋាន ដោយអត្តនោម័ត ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់កងកម្លាំង នគរបាលជាតិ និងធ្វើឲ្យមានការវាយតម្លៃអវិជ្ជមាន ចំពោះកិច្ចប្រតិបត្តិការ របស់សមត្ថកិច្ច ដែលអំពើនេះគួរតែ ត្រូវបានបញ្ឈប់ជាបន្ទាន់” ។

សូមបញ្ជាក់ថា ជុំ ហួត-ជុំ ហួរ នេះជាអ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ ហើយពួកគេក៏បាន ធ្វើសកម្មភាពនានាផងដែរ ទាក់ទងទៅនឹងសិទ្ធិមនុស្ស ដោយមានការចេញមក តវ៉ាជាហូរផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top