ព័ត៌មានជាតិ

ទូតចិន ចាត់ទុក ដំណើរទស្សនកិច្ច លោក វ៉ាង យី បង្ហាញពីទឹកចិត្ត ដ៏ស្មោះរបស់ចិន

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង គឺបង្ហាញពីការយកចិត្តទុកដាក់ និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិន ជូនចំពោះប្រទេសទាំងបួននេះ ក្នុងការលើកកម្ពស់ចំណងមិត្តភាព។

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ នឹងមកកាន់ប្រទេសកម្ពុជា និងប្រទេសជាមិត្ត ចំនួន៣ផ្សេងទៀត ចាប់ពីថ្ងៃទី១០-១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Bui Thanh Son រដ្ឋមន្រ្តីការបរទេសវៀតណាម, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងលោក Chung Eui-yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកទីប្រឹក្សារដ្ឋ Wang Yi រដ្ឋមន្រ្តីការបរទេសចិន នឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១០-១៥ ខែកញ្ញា។

ទូតចិន បានបន្ដថា លោក Wang Yi នឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការបញ្ជាការកិច្ចសហប្រតិបត្តិការទ្វេភាគី ចិន-វៀតណាម ជាមួយលោក Pham Binh Minh។

ទូតចិន បានបន្ថែមថា វៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង សុទ្ធតែជាប្រទេសជិតខាង និងជាដៃគូកិច្ចសហប្រតិបត្តិការ ដ៏សំខាន់របស់ចិន។ ប្រឈមមុខជាមួយជំងឺវីរុសកូវីដ-១៩ ចិននិងប្រទេសជិតខាង បានជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បានបោះជំហានទៅមុខក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសជាសកល និងការស្តារជាថ្មីក្រោយពីបញ្ចប់ជំងឺវីរុសកូវីដ។

ទូតចិន បានបញ្ជាក់ថា «ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wang Yi បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិន ជូនចំពោះប្រទេសទាំងបួន ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក»។

ជាមួយគ្នានេះ ស្ថានទូតចិន ក៏បានរៀបរាប់ថា ក្នុងឱកាស នៃការបំពេញទស្សនកិច្ច លោក Wang Yi នឹងពិភាក្សាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅ ជាមួយបណ្ដាភាគី ជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗ ដែលបានឯកភាពគ្នាដោយ លោកប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មីដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» និងកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។

ជាងនេះទៅទៀត ភាគីចិនរីករាយសហការ ជាមួយប្រទេសទាំងបួន ជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗ ឥតឈប់ឈរ រួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ បញ្ចូលថាមពលវិជ្ជមានកាន់តែច្រើន ដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ រហូតដល់លើពិភពលោក៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top