ព័ត៌មានជាតិ

កម្ពុជា ស្នើធនាគារពិភពលោក ជួយបំពាក់ប្រព័ន្ធគ្រប់គ្រង យានយន្ដដឹកលើសទម្ងន់ ដោយស្វ័យប្រវត្តិ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើធនាគារពិភពលោក ពិនិត្យលទ្ធភាពជួយបំពាក់ ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System ព្រោះថា ប្រព័ន្ធនេះ មានអត្ថប្រយោជន៍ជាច្រើន សម្រាប់ថែរក្សាផ្លូវប្រើប្រាស់ បានយូរអង្វែង។

ក្នុងជំនួបសម្ដែងការគួរសម ជាមួយ លោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មី នៃការិយាល័យធនាគារពិភពលោក ប្រចាំកម្ពុជា ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ ចំពោះធនាគារពិភពលោក ដែលផ្ដល់ការគាំទ្រ និងទំនាក់ទំនងល្អ លើការងារស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅកម្ពុជា ឲ្យមានការរីកចម្រើន។

លោកបានបញ្ជាក់ថា «ស្នើឲ្យលោកស្រីនាយិកា ពិនិត្យលទ្ធភាព ក្នុងការជួយបំពាក់ប្រព័ន្ធគ្រប់គ្រង យានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System នៅតាមទីតាំងផ្លូវជាតិសំខាន់ៗ ដែលប្រព័ន្ធនេះ មានអត្ថប្រយោជន៍ជួយកាត់បន្ថយ ការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ បង្កឲ្យផ្លូវឆាប់ខូចមុនអាយុកាល មានសមត្ថភាពអាចចាប់ល្បឿន យានយន្ត ដឹងពីល្បឿន អត្តសញ្ញាណ និងទម្ងន់ផ្ទុក របស់យានយន្តដឹកជញ្ជូន ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបានអញ្ជើញលោកស្រីនាយិកា ចុះទៅពិនិត្យដោយផ្ទាល់ នូវការបំពាក់ប្រព័ន្ធនេះ នៅទីតាំងមួយកន្លែងផងដែរ»។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រី ក៏បានស្នើឲ្យធនាគារពិភពលោក ពិនិត្យលទ្ធភាពលើការរៀបចំកម្មវិធី ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ មួយចំនួន ទាក់ទងនឹងបញ្ហាសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដែលបច្ចុប្បន្នបានបណ្តាល ឲ្យមនុស្សពី ៤ទៅ ៥នាក់ស្លាប់ និងរងរបួសពី១០ ទៅ១៥នាក់ ជារៀងរាល់ថ្ងៃនៅលើដងផ្លូវ និងបញ្ហាគំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍ គ្រប់ផ្លូវទាំងអស់នៅកម្ពុជា ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាប តាមដែលអាចធ្វើទៅបាន។

ជាការឆ្លើយតប លោកស្រី Maryam Salim បានធ្វើការកត់សម្គាល់ ចំពោះសំណើនានាដែល លោកទេសរដ្ឋមន្ត្រីបានលើកឡើង ទាក់ទងទៅនឹងគម្រោងអភិវឌ្ឍន៍នានា របស់ក្រសួង និងបានគូសបញ្ជាក់ថា ក្រុមការងារនឹងធ្វើការពិនិត្យពិចារណា និងសម្របសម្រល ចំពោះសំណើទាំងនោះ។

ជាមួយគ្នានោះផងដែរ លោកស្រីនាយិកា បានកោតសរសើរ ចំពោះប្រទេសកម្ពុជា ដែលទទួលបានការរីកចម្រើន យ៉ាងឆាប់រហ័ស ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ជាពិសេសសមិទ្ធផលសម្រេចបាន លើការបំពេញការងារ ក្នុងភាពជាដៃគូ រយៈពេលកន្លងមកជាមួយ ក្រសួងលើវិស័យដឹកជញ្ជូន ការងារគ្រប់គ្រងទឹកកខ្វក់ និងសមិទ្ធផលសម្រេចបាន គួរឲ្យកត់សម្គាល់ផ្សេងទៀត៕

To Top