ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញថ្លែងសន្ទរកថា បើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៧

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសន្ទរកថាបើក និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់ (GMS) មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំតាមប្រព័ន្ធវិដេអូនេះ មានបណ្តាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិក មហាអនុតំបន់ផ្សេងទៀត ចូលរួម ក្នុងនោះរួមមាន ៖ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី ឡាវ, នាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា, នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ, លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និង លោក ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ។

អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំដោយផ្ទាល់ រួមមាន ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ និងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងរដ្ឋមន្រ្តីពាក់ព័ន្ធ ផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះ ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់ នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី» ហើយកិច្ចប្រជុំនេះ ពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រ ពីធនាគារអភិវឌ្ឍន៍អាស៊ី។
កិច្ចប្រជុំនេះក៏ផ្តល់ឱកាស ដល់អ្នកចូលរួមទាំងអស់ ធ្វើការបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ខ្លួន ដើម្បីធ្វើឱ្យអនុតំបន់ កាន់តែរួបរួមគ្នា ប្រកបដោយវិបុលភាព ចីរភាព និងបរិយាប័ន្ន នៅក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់ តំបន់ និងពិភពលោក។

គួរកត់សម្គាល់ថា កម្មវិធីមហាអនុតំបន់មេគង្គ ឈរលើមូលដ្ឋាន នៃការពិគ្រោះយោបល់ និងកិច្ចសន្ទនា ក្នុងចំណោមបណ្តាសមាជិក មហាអនុតំបន់មេគង្គ។ មហាអនុតំបន់មេគង្គផ្តោតលើគម្រោង អនុតំបន់នានាដែលមានអាទិភាពខ្ពស់ នៅក្នុងវិស័យការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top