នយោបាយ

សម្ដេចតេជោ ៖ ជំងឺកូវីដ អាចធូរស្រាល ដោយសន្ទុះចាក់វ៉ាក់សាំង តាមប្រទេសនីមួយៗ តែពិភពលោក នៅប្រឈម មេរោគបំប្លែងថ្មី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីមានក្តីរំពឹងថា វិបត្តិជំងឺកូវីដ-១៩ អាចនឹងធូរស្រាលនាពេលខាងមុខ ដោយសារសន្ទុះ នៃការចាក់វ៉ាក់សាំង តាមប្រទេសនីមួយៗ កំពុងមានវឌ្ឍនភាពល្អប្រសើរ ក៏ដោយ ប៉ុន្ដែពិភពលោក នៅតែប្រឈមនឹងហានិភ័យ នៃរលកថ្មីៗដោយមេរោគ បំប្លែងថ្មី ប្រភេទដែលតា។

ក្នុងពិធីបើកកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមមូលបទ «មហាអនុតំបន់មេគង្គ ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់ នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី» សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងកម្រិតតំបន់ បានមើលឃើញកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការ អន្តរាគមន៍សមស្រប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺនេះ កាត់បន្ថយផលប៉ះពាល់ ដល់កិច្ចដំណើរការនៃសេដ្ឋកិច្ច និងធានាលំនឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

សម្ដេចតេជោ មានប្រសាសន៍ថា «សម្រាប់កម្ពុជា រាជរដ្ឋាភិបាល ក៏បានបន្តខិតខំគ្រប់គ្រងសភាពការណ៍ ជំងឺកូវីដ-១៩ ដោយផ្តោតលើកិច្ចការអាទិភាពមួយចំនួន ដូចជា ការចាក់វ៉ាក់សាំងឲ្យប្រជាជន និងការអនុវត្តវិធានការសុខាភិបាល រដ្ឋបាល និងច្បាប់នានា ដើម្បីកាត់បន្ថយការឆ្លង នៅក្នុងសហគមន៍។ ទោះជាយ៉ាងនេះក្តី រលកថ្មីនៃជំងឺកូវីដ-១៩ នៅតែបង្កផលប៉ះពាល់ ដ៏ស្រួចស្រាល់ មកលើសេដ្ឋកិច្ចកម្ពុជា ជាអាទិ៍ នៅក្នុងវិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសេវាខ្លះទៀត ដែលជាកត្តានាំឲ្យការងើបឡើង នៃសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២១ នេះនៅតែប្រឈម នឹងភាពមិនប្រាកដប្រជា»។

សម្ដេចតេជោ បានយល់ថា កិច្ចខិតខំរួមរបស់មហាអនុតំបន់មេគង្គ ពិតជាមានសារៈសំខាន់សម្រាប់ការស្ដារ និងជំរុញសកម្មភាពសេដ្ឋកិច្ច ឲ្យមានកំណើនជាថ្មី ជាពិសេសតាមរយៈការដាក់ចេញនូវ «ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងផែនការ ស្តារឡើងវិញ ឆ្នាំ២០២១-២០២៣» នាពេលនេះ ដើម្បីចាត់វិធានការទាន់ពេលវេលា និងប្រកបដោយការ ទទួលខុសត្រូវរួមគ្នាខ្ពស់ ក្នុងការធានានូវប្រតិបត្តិការ ដោយរលូននៃខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការការពារសុខភាពសាធារណៈ ក្នុងតំបន់។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា «បច្ចុប្បន្ន ទោះបីរំពឹងថាវិបត្តិជំងឺកូវីដ-១៩ អាចនឹងធូរស្រាលនាពេលខាងមុខ ដោយសារសន្ទុះនិងការពង្រីកវិសាលភាព នៃការចាក់វ៉ាក់សាំង តាមប្រទេសនីមួយៗ កំពុងមានវឌ្ឍនភាពល្អប្រសើរ ក៏ដោយ ក៏ពិភពលោកទាំងមូល នៅតែប្រឈមនឹងហានិភ័យ នៃការមកដល់នូវរលកថ្មីៗនៃជំងឺនេះបង្កឡើង ដោយមេរោគបំប្លែងថ្មីដែលតា ដែលនឹងបន្តរំខានដល់សកម្មភាពសង្គម និងសេដ្ឋកិច្ច រាប់ចាប់ពីសុខភាព សាធារណៈ ហូរទេសចរ រហូតដល់ការរអាក់រអួល នៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក”។

សម្តេចថា ក្នុងបរិការណ៍នេះ ចាំបាច់ត្រូវពន្លឿនការអនុវត្តកម្មវិធី កិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សាមគ្គីភាព ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម ដើម្បីធានាបាននូវការងើបឡើងវិញ យ៉ាងរឹងមាំនៃ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោយពេល វិបត្តិនេះបានបញ្ចប់។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីកម្ពុជា វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ចិន ក្នុងការផ្គត់ផ្គង់វ៉ាក់ សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសក្នុងតំបន់។ សម្ដេចថ្លែងអំណរគុណ ចំពោះចិន ដែលបានផ្តល់ជំនួយវាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា។ ទន្ទឹមនេះ សម្ដេច ក៏ថ្លែងអំណរគុណ ដល់សហគមន៍អន្តរជាតិ ដែលបានចែករំលែក និងផ្តល់វ៉ាក់សាំង តាមរយៈកម្មវិធីកូរ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក និងជំនួយទ្វេភាគីដល់កម្ពុជា៕

To Top
×